ព័ត៌មានជាតិ

ប្តីវាយប្រពន្ធបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ និងបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ

ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ​វេលាម៉ោង១៧និង៣០នាទី នៅចំណុចភូមិជើងគោ ឃុំជើង​គោ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ មានករណីហិង្សាដោយ​ចេតនាមានស្ថានទម្ងន់ទោស ០១កើតឡើង បង្កដោយជន​សង្ស័យម្នាក់ឈ្មោះ យ៉ែម ចិន្តា ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ កម្មករដុតធ្យូង មានទីលំនៅចំណុចកើត​ហេតុខាងលើ បានធ្វើសកម្ម​ភាពវាយទៅលើជនរងគ្រោះឈ្មោះ វុន វ៉ាន់ ភេទស្រី អាយុ ៣៦ ឆ្នាំ (ត្រូវជាប្រពន្ធរបស់ខ្លួន) មុខរបរមេផ្ទះ មានទីលំ​នៅជាមួយគ្នា បណ្តាលឲ្យរងរបួសធ្ងន់រលូតកូនក្នុងផ្ទៃ និងបានស្លាប់នៅថ្ងៃ១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០​នាទី ក្រោយពេលបញ្ជូនទៅ​ដល់មន្ទីរចំការចេកខេត្តព្រះសី​ហនុ ក្រោយពេលធ្វើ​សក​ម្មភាព រួចជនសង្ស័យបានរត់​គេច​ខ្លួនបាត់តែម្តង ។

ករណីនេះក្រោយពេលកើត​ហេតុ កម្លាំងមិនបានទទួ​លព័ត៌មានទេ ដោយសារគ្មានអ្នកផ្តល់ព័ត៌មាន ព្រោះពេលកើតហេតុភ្លាមៗកូនៗរបស់ជនរងគ្រោះ បានដឹកយកជនរង​គ្រោះមកមណ្ឌលសុខភាពឃុំជើងគោ ហើយពេទ្យប្រចាំ​ការបានឃើញជនរងគ្រោះ មា​នសភាពធ្ងន់ធ្ងរក៏បានហៅរថយន្តសង្គ្រាះ របស់មណ្ឌលសុ​ខ​ភាពវាលរេញមកដឹកទៅមន្ទីរពេទ្យចំការចេកខេត្តព្រះសីហ​នុតែម្តង ដោយពុំបានផ្តល់ព័ត៌​មានដល់សមត្ថកិច្ចឡើយ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយបានសហការជាមួយការិយាល័យព្រហ្មទណ្ឌខេត្តព្រះសីហនុ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងនគរបាលខេត្តកំពុងស្ពឺ ធ្វើការស្ទាក់ឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅចំណុចលើដងផ្លូវជាតិលេខ៤ ត្រង់ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាវេលាម៉ោង១៧ និង ០៥ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ខណៈពេលដែលជនសង្ស័យកំពុងជិះរថយន្តក្រុង ដើម្បីគេចខ្លួនទៅភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យកំពុងដឹកយកមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបំពេញនីតិវិធី និងចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់