ព័ត៌មានជាតិ

ជនសង្ស័យចំនួ​ន២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទនារីរោងចក្រ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី នៅចំណុចតាមផ្លូវបេតុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ទឹម ឃុនណៃ ភេទស្រី អាយុ២៦ឆ្នាំ ទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរកម្មការិនីរោងចក្រ ។
ជនសង្ស័យ២នាក់៖ ១–ឈ្មោះ សុខ សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ២–ឈ្មោះ កែវ ណាំឈីវ ហៅដារ៉ូ ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាធធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ ១–ទូរស័ព្ទដៃ១គ្រឿងម៉ាក iphone11Pro mix ពណ៌ ស្លែ (របស់ជនរងគ្រោះ) ។
២–កាបូបដៃពណ៌ឈាមជ្រូកចំនួន១(របស់ជនសង្ស័យ) ។

នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូដើម្បីទៅផ្ទះ ដល់ត្រង់ចំណុចកែងផ្លូវបេតុងទំនប់ឆ្កែឆ្កួត ស្រាប់តែមានក្រុមជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូតាមមកពីក្រោយ ដល់ទន្ទឹមបានធ្វើសកម្មភាពឆក់យកទូរស័ព្ទ របស់ជនរងគ្រោះដែលទុកនៅក្នុងហោប៉ៅខោ ខាងក្រោយ រួចហើយពួកវាបាននាំគ្នាជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកថា ចោរៗហើយបានជិះម៉ូតូដេញតាមពីក្រោយរហូតដល់ការ៉ាស់សាំងក្បែហាង B-gold ផ្លូវ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក៏ស្រាប់តែម៉ូតូរបស់ជនសង្ស័យបានបុកម៉ូតូរ៉ឺម៉កកង់បី បណ្តាលឲ្យជនសង្ស័យម្នាក់ឈ្មោះ សុខ សារ៉ាត់ ធ្លាក់លើម៉ូតូ ហើយក៏ត្រូវប្រជាពលរដ្ឋនៅក្បែនោះព្រួតវាយ ។

ពេលនោះជួបកម្លាំងរបស់ប៉ុស្តិ៍កំពង់សំណាញ់ និងកម្លាំងរបស់អធិការដ្ឋានកំពុងល្បាតតាមផ្លូវ ឃើញបានចុះអត្តរាគមន៍ឃាត់ខខ្លួនបានម្នាក់ រីឯជនសង្ស័យម្នាក់ទៀតបានលើកម៉ូតូជិះរត់គេចខ្លួនបាត់ទៅ ។ បន្ទាប់ពីមកសមត្ថកិច្ចបានបានធ្វើការស្រាវជ្រាវ និងសហការជាមួយអធិការខណ្ឌមានជ័យ ដឹកនាំដោយ វរសេនីយ៍ទោ សោម សុគន្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងទំពន់២ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ កែវ ណាំឈីវ ហៅដារ៉ូ នៅសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់