ភ្នំពេញ៖បុរសម្នាក់បានប្ដឹងសមត្ថកិច្ចអោយជួយឃាត់រថយន្តមួយគ្រឿងដែលយកស្លាកលេខរបស់រថយន្តគាត់ដែលបាត់យកមកពាក់លើរថយន្តរបស់ខ្លួនពេលដែលធ្វើដំណើរប្រទះឃើញគេជិះនៅតាមផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៤ តាមបណ្ដោយផ្លូវលេខ២១៧ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
យោងតាមការអោយពីម្ចាស់រថយន្តដែលត្រូវគេលួចស្លាកលេខកាលពី២ឆ្នាំមុន បានអោយដឹងថា គាត់ត្រូវបានគេលួចគាស់យកស្លាកលេខ ភ្នំពេញ 2J-0637 យកពីរថយន្តរបស់គាត់ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ដែលចតទុកនៅមុខផ្ទះបាត់កាលពី២ឆ្នាំមុនឯណោះ ហើយរូបគាត់ក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលចតុមុខផងដែរ ហើយស្រាប់តែយប់កើតហេតុខាងលើគាត់បានបើករថយន្តធ្វើដំណើរតាមផ្លូវវែងស្រេង ក៏ស្រាប់តែប្រទះឃើញរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស ដែលពាក់ស្លាករថយន្តរបស់គាត់ដែលបាត់កាលពី២ឆ្នាំយកមកដាក់រថយន្តនេះ ឃើញនេះគាត់ក៏បានរាយការណ៍ប្ដឹងសមត្ថកិច្ចភ្លាមៗឱ្យជួយអន្តរាគមន៍ឃាត់រថយន្តដែលពាក់ស្លាកលេខរបស់គាត់ដែលបាត់នោះហើយ ភ្លាមៗសមត្ថកិច្ចក៏បានធ្វើការពួនស្ទាក់គ្រប់គោលដៅក៏បានឃាត់រថយន្តខាងលើនេះបាននៅគោលដៅប៉ុស្ដិ៍ចរាចរផ្លូវលេខ២១៧ធ្វើការឃាត់រថយន្តនិងអ្នកបើកបរនេះភ្លាមៗដើម្បីធ្វើការសួរនាំ។
ទាក់ទិននិងករណីនេះសមត្ថកិច្ចក៏បានបញ្ជូនរថយន្តដែលមានពាក់ព័ន្ធយកមកអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការដោះតាមផ្លូវច្បាប់។ទោះជាយ៉ាងណាម្ចាស់ស្លាកលេខរថយន្តត្រូវគេលួចយកមកដាក់រថយន្តផ្សេងនេះគឺរូបគាត់មានលិខិតនិងកាតគ្រីស្លាកលេខរថយន្តដែលត្រូវគេលួចយកនោះទាំងអស់និងជាភស្ដុតាងដើម្បីអោយសមត្ថកិច្ចរកវិធានការណ៍ដោះស្រាយអោយស្របតាមនីតិវិធីច្បាប់៕
មតិយោបល់