ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តហ្វត បំពានស្តុបទៅបុកហាយឡែនឌ័រពេញទំហឹង បណ្តាលឲ្យប៉ើងទៅចិញ្ចើមផ្លូវរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០១និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តម៉ាកហ្វត មួយគ្រឿង ក្នុងល្បឿនលឿន បំពានស្តុបជ្រុលទៅបុករថយន្តហាយឡែនឌ័រ បើកឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យប៉ើងទៅចិញ្ចើមផ្លូវ ចំណែករថយន្តបង្កបន្តទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើមទៀត ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវលេខ២១៤ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2P-0809 បើកបរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ បានបើកឆ្លងស្តុបខៀវ បើកមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តបង្កម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-5766 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយ៣នាក់ទៀត បើកតាមតាមបណ្តោយផ្លូវ២១៤ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ទាំងបំពានស្តុបក្រហម ជ្រុលទៅបុករថយន្តហាយឡែនឌ័រ ចំពាក់កណ្តាលទ្វារខាងឆ្វេងយ៉ាងពេញទំហឹង ប៉ើងទៅចិញ្ចើមផ្លូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ចំណែករថយន្តបង្កវិញបន្តល្បឿន ទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើម សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ។

នៅក្រោយពេលកើតហេតុ ភាគីទាំងពីរ សម្រួលគ្នាមិនត្រូវ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍វាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូច្បាប់ ៕

មតិយោបល់