ព័ត៌មានជាតិ

រថយន្តធុនធំបើកលឿនបុកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតត្រូវឡានកូរ៉ូឡា បុកបន្ថែមទៀតរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំមួយគ្រឿង បើកបរលឿនដោយខ្វះការប្រុងប្រយ័ត្ន ជ្រុងបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទាតទៅផ្លូវម្ខាងទៀត ហើយត្រូវបានរថយន្តកូរ៉ូឡា មួយគ្រឿង បើកបុកបន្ថែមរងការខូចខាតយ៉ាងដំណំទីតាំងស្ថិតតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញរថយន្ត មួយគ្រឿង មិនចាំម៉ាកប្រភេទរថយន្តធុនធំ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។ លុះដល់ចំណុចកើតហេតុបានបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទាតឆ្លងទៅផ្លូវម្ខាងទៀត ពេលនោះស្រាប់តែមានរថយន្ត មួយគ្រឿងទៀត ម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2N-0022 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូងបញ្រ្ចាសទិសគ្នា ជាមួយរថយន្តធុនធំក្នុងល្បឿនលឿន រួចក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវនោះបន្ថែមទៀត បណ្ដាលឲ្យខ្ទាត២០ម៉ែត្រ ចំណែករថយន្តកូរ៉ូឡាបានរងការខូចខាតផ្នែកខាងមុខ ។ ដោយឡែករថយន្តធុនធំមិនបានឈប់នៅទីតាំងកើតហេតុនោះទេ បន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែងយករថយន្តកូរ៉ូឡាទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់