ភ្នំពេញៈ ករណីហិង្សាមួយដែលកើតឡើងរវាងម្ចាស់ហាងលក់ និងជួសជុលទូរស័ព្ទជាមួយ និងភ្ញៀវ ដែលទៅសួរនាំរឿងបាត់ខ្ចៅទូរស័ព្ទ បណ្តាលឲ្យទាស់ពាក្យសម្តីគ្នា ម្ចាស់ហាងបានទាញដំបងដែករលាស់ មកវាយលើភាគីម្ខាងទៀត រងរបួសដៃ ខ្លួន និងក្បាលដេរជាច្រើនថ្នេរ ហេតុការណ៍ខាងលើ កើតហេតុកាលពីវេលាម៉ោង ៦និង០០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ទីតាំងនៅហាងលក់ទូរស័ព្ទដៃ យីហោ លី ហេង តាមបណ្តោយផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងរងគ្រោះមានឈ្មោះ ផន សំណាង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ធ្វើសំណង់ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា កាលពីរយៈពេលប្រហែល១សប្តាហ៍មុន ខ្លួនបានយកទូរស័ព្ទទៅជួសជុលក្នុងហាងនោះ រួចយកមកប្រើវិញដោយមិនមានការចាប់អារម្មណ៍អ្វីឡើយ រហូតមកដល់ថ្ងៃកើតហេតុដោយខ្លួនបានដកទូរស័ព្ទចេញពីស្រោម ក៏ឃើញបាតខ្ចៅចំនួន២គ្រាប់ក៏ទៅសួរស្រាប់តែទាស់ពាក្យសម្តីគ្នាដែលម្ចាស់ទីតាំង ដែលមានយីហោឈ្មោះ លី ហេង ហាងលក់ទូរស័ព្ទដៃទំនើប បានទាញដំបងដែករលាស់មកវាយជាច្រើនដំបងបណ្តាលឲ្យរងរបួសខ្លួន ដៃ និងក្បាលចំនួន៥ថ្នេរ បណ្តាលឲ្យរងរបួសទៅសម្រាកនៅមន្ទីរពេទ្យ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ជួយអន្តរាគមន៍ភ្លាមៗ កម្លាំងសមត្ថកិច្ចបាន ចុះទៅនាំខ្លួនជនដៃដល់មកធ្វើការសាកសួរភ្លាមៗ។
បន្ទាប់ពីមានការជួយអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចនាំមកដល់ប៉ុស្តិ៍នគរបាល ទើបភាគីទាំងសងខាងព្រមសម្របសម្រួលគ្នាមុខសមត្ថកិច្ច ដោយជនដៃដល់ព្រមចេញថ្លៃព្យាបាល និងជំងឺចិត្តដល់ជនរងគ្រោះដើម្បីបញ្ចប់រឿងតែម្តង៕
មតិយោបល់