ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យបុរសពីរនាក់ស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា យ៉ាងហោចណាស់ មានបុរសពីរនាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយករណីគ្រោះថ្នាក់ចរាចរណ៍០១ រវាងរថយន្តសាំយ៉ុង និងម៉ូតូពីរគ្រឿង កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ១៨៤ –១៨៥ ខាងលិចផ្លូវចូលមណ្ឌលសុខភាពព្រៃញី ប្រហែល១០ម៉ែត្រ ស្ថិតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ២០និង១៥នាទី ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ក្រហម គ្មានស្លាកលេខ និងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា ស្កូពី ពណ៌ខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-3841 ម៉ូតូទាំងពីរធ្វើដំណើរ ពីលិចទៅកើត មកដល់កន្លែងកើតហេតុម៉ូតូទាំង០២គ្រឿង ឡើងវ៉ារថយន្តស្របទិសគ្នាមិនប្រយ័ត្ន បណ្តាលអោយទៅបុក រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-2874 ធ្វើដំណើរពីកើតទៅលិច បណ្តាលឲ្យអ្នកបើកបរម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ក្រហម គ្មានស្លាកលេខ ឈ្មោះ យូ វុទ្ធី ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិក្រាំងតាសែត សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរឈ្មោះ ឈឹម សុខស៊ីបាន ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ស្លាប់នៅកន្លែងកើតហេតុ និងខូចខាតម៉ូតូចំនួន០២គ្រឿង និងរថយន្តចំនួន០១គ្រឿង ។

លោកវរសេនីយ៍ទោ សុខ មេសា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលក្រុង បានចេញអន្តរាគមន៍ សម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះ ។

ចំពោះសាកសពទាំងពីរត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តសាំយ៉ុង និងអ្នកបើកបរម៉ូតូ ហុងដា ស្កូពី បានរត់គេចខ្លួនក្រោយពេលកើតហេតុ ។ លោកអធិការរងបានបន្តថា វត្ថុតាងម៉ូតូចំនួន០២គ្រឿង និងរថយន្តចំនួន០១គ្រឿងបានយកមករក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កសាងសំណុំរឿង និងរៀបចំទៅតាមនីតិវិធី ៕

មតិយោបល់