ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុករតនមណ្ឌល បង្ក្រាបករណីចោរកម្មមួយករណី ឃាត់ខ្លួនជនសង័្សយម្នាក់

បាត់ដំបងៈ កាលពីថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលា ម៉ោង១១ និង០០នាទី អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរស្មីសង្ហារ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ អុល ត្រឹង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិបាដាកជើង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងដកហូតបានប្រាក់ ដុល្លារចំនួន ១២,០០០ដុល្លារសហរដ្ឋអាមេរិក (មួយម៉ឺនពីរពាន់ដុល្លារ) ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ០៧និង២០នាទី ជនសង័្សយ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួច ( យកប្រាក់) របស់ជនរងគ្រោះទេព ហៀង ភេទស្រី អាយុ៧៧ ឆ្នាំ រស់នៅភូមិបាដាកជើង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលក្នុងនោះជនសង័្សយយកបានប្រាក់ដុល្លារចំនួន ១២,០០០ដុល្លារសហរដ្ឋអាមេរិក (មួយម៉ឺនពីរពាន់ដុល្លារ) ។

នៅក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលមក សមត្ថកិច្ចនគរបាលស្រុក ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនដកហូតប្រាក់ មកវិញតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួច( យកប្រាក់) ចំនួន១២,០០០ដុល្លារអាមេរិក (មួយម៉ឺនពីរពាន់) ពីក្នុងលំនៅរបស់ជនរងគ្រោះខាងលើ ប្រាកដមែន ។

នៅពេលនេះជនសង្ស័យសមត្ថកិច្ចកំពុងរៀបចំ សំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់ រីឯប្រាក់ដែលដកហូតបាន ត្រូវប្រគល់ជូនជនរងគ្រោះវិញហើយ ៕

មតិយោបល់