ព័ត៌មានជាតិ

ករណីរថយន្តពីរគ្រឿងបើកវ៉ាជែងកៀរគ្នា បណ្តាលឲ្យជ្រុងទៅបុកដើមកាស្យា រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ៩ និង ៤០ នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តតូយ៉ូតាព្រូស មួយគ្រឿង បើកបោះពួយយ៉ាងលឿន និងព្យាយាមវ៉ាជែង ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលកៀររថយន្តឡុចស៊ីស HS250h មួយគ្រឿង ដែលបើកស្របទិសដៅគ្នា បណ្ដាលឲ្យរថយន្តទាំងពីរជ្រុលទៅបុក និងដើមកាស្យាទាំងពីរគ្រឿង ត្រង់ចំណុចក្នុងអគារកាំខូស៊ីតធី តាមបណ្តោយផ្លូវបុរីអង្គរភ្នំពេញ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញប្តីប្រពន្ធមួយគូ បើកបររថយន្តមួយគ្រឿងម៉ាកឡុចស៊ីស HS250h ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AX-9229 ដែលបើកធ្វើដំណើរតាមបណ្ដោយផ្លូវបុរីអង្គរភ្នំពេញ ទិសដៅត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខកម្ពុជា EYURY.68 បើកបរដោយបុរសម្នាក់ ស្របទិសដៅគ្នាតាមពីក្រោយរថយន្តឡុចស៊ីស HS250h ក្នុងល្បឿនលឿននិងព្យាយាមបើកវ៉ាជែងខាងឆ្វេង រថយន្តឡុចស៊ីស HS250h ខណ:នោះរថយន្តតូយ៉ូតាព្រូស ក៏បានជ្រុលកៀររថយន្តឡុចស៊ីស HS250h ធ្វើឲ្យរថយន្តទាំងពីរគ្រឿង រេចង្កូតទៅខាងស្ដាំជ្រុលទៅបុកផ្ទុប និងដើមកាស្យាដែលនៅតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតផ្នែកខាងយ៉ាងដំណំ តែមិនបណ្តាលឲ្យមាននរណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះមកធ្វើអន្តរាគមន៍ ហើយដោយភាគីទាំងពីរចរចាដោះស្រាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចជំនាញធ្វើការវាស់វែង ស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ នៅពេលក្រោយជាបន្តទៀត ៕

មតិយោបល់