ព័ត៌មានជាតិ

រថយន្តដឹកអ្នកដំណើរក្រុមហ៊ុនកាពីតូល បុកម៉ូតូប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ: នាវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពជនរងគ្រោះសមត្ថកិចនៅពុំទាន់ស្គាល់អត្ថសញ្ញាណនៅឡើយ តែដឹងថាអាយុជាង ៣០ឆ្នាំ ជិះម៉ូតូម៉ាក zoomerx ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ភ្នំពេញ1GO-7816។
រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូល ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-4740 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបរម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៦ ពីលិចមកកើតហើយបត់ឆ្វេងត្រឡប់ក្រោយ ខណ:បត់បានពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តខាងលើ ធ្វើដំណើរពីកើតមកលិចក្នុងល្បឿនលឿន ក៏ជ្រុលបុកម៉ូតូជនរងគ្រោះចំពាក់កណ្ដាលពេញទំហឹងប៉ើងទៅមុខ ជាច្រើនម៉ែត្រ ដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ បន្ទាប់ពីកើតហេតុរថយន្តបើករត់គេចទៅមុខ រួចទុករថយន្តចោលតៃកុងរត់គេចបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះដល់ទីតាំង វាស់វែងយកស្ទូចរថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញ ផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់