ភ្នំពេញៈ នាវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ស្ថិតចំណុចគល់ស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ រ៉ង ភេទប្រុស អាយុ ១៨ឆ្នាំ (ស្លាប់) មុខរបរជាងធ្វើកញ្ចក់ មានស្រុកកំណើតនៅភូមិចុងកោះ ឃុំចុងកោះ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដំណើររឿ៖ យោងតាមប្រភពព័ត៌មានពីយុវជនម្នាក់រួមដំណើរជាមួយជនរងគ្រោះបានប្រាប់អោយដឹងថា មុនកើតហេតុខ្លួននិងជនរងគ្រោះ បានជិះម៉ូតូម៉ាក ហុងដា ឌ្រីមសង់សេ១២៥ស៊េរី ឆ្នាំ២០២២ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JL-4226 ជិះឌុបគ្នាចេញចេញពីម្ដុំអូតែលសុខា បន្ទាប់មកក៏បានត្រឡប់មកផ្ទះវិញ ជិះកាត់តាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ឡើងតាមស្ពានព្រែកព្នៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ចុងស្ពានព្រែកព្នៅខាងត្បូង ក៏បានទាក់ដៃចង្កូតជាមួយនិងរថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខបើកបរដោយបុរសម្នាក់ ចុះពីលើស្ពានព្រែកព្នៅទិសដៅស្របគ្នាពីជើងមកត្បូង បណ្តាលឲ្យដួលខ្ទាតជនរងគ្រោះចូលក្រោមកង់កិនចំក្បាលដាច់ពីខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ចំណែកអ្នករួមដំណើរជាមួយរងរបួសស្រាល ហើយភ្លាមនោះដែរថយន្តកុងតឺន័របន្តបើករត់ទៅមុខអស់ជាច្រើនម៉ែត្រ ក៏ត្រូវសមត្ថកិច្ចតាមឃាត់បានទាំងតៃកុងនិងរថយន្ត។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់ទីតាំងរួចពិនិត្យ វាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញ ផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសព ធ្វើកំណត់ហេតុប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់