ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ

ពោធិ៍សាត់: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩ និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និងម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ម្នាក់ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៩៣-១៩៤ ស្ថិតក្នុងភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ជិះម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ឡើងតែម ២០០៨ ពាក់ស្លាកលេខ កណ្តាល 1H-4469 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវពីត្បូងទៅជើង រំពេចនោះស្រាប់តែមានរថយន្តម៉ាក FUTON GLOBAL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ គ.ជ.ប 0077 បើកបរក្នុងទិសដៅពីលិចទៅកើត បានបុកម៉ូតូបត់ឆ្លងផ្លូវ បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ព្រមទាំងខូចខាតរថយន្ត និងម៉ូតូ ។ ក្រោយឃើញហេតុការណ៍ប្រភពព័ត៌មានបានរាយការណ៍ជូនសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ និងសង្គ្រោះជនរងគ្រោះ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា៖ ជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណឈ្មោះ ឌួង ឌឿន ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិព្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំពោះអ្នកបើកបររថយន្តម៉ាក FUTON GLOBAL ជាជំនួយរបស់ចិន មានឈ្មោះ សេង ទុន ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិផ្កាស្លា សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

បច្ចុប្បន្នវត្ថុតាង រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់