ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា ៥នាក់ ត្រូវប្រជាពលរដ្ឋចាប់បានរួចព្រួតវាយរងរបួសធ្ងន់ ក្រោយលួចម៉ូតូ ១គ្រឿងបានសម្រេច

ភ្នំពេញ: ជនសង្ស័យ១ក្រុមបានបន្លំចូលទៅលួចម៉ូតូ១គ្រឿង នៅផ្ទះលក់ដូរមួយកន្លែង នៅក្នុងភូមិព្រៃរឹង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣និង៥០នាទីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ។ លុះលួចបានសម្រចបានព្យាយាមជិះរត់គេចខ្លួន តែម្ចាស់ម៉ូតូស្រែកថា «ចោរ» បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយដេញតាមចាប់បានម្នាក់ភ្លាមៗ ចំណែកបក្ខពួក ៤នាក់ ទៀតគេចខ្លួនបាត់ស្រមោល។

ជនសង្ស័យខាងលើត្រូវបានប្រជាពលរដ្ឋព្រួតវាយ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ហើយពុំទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែមុនពេលត្រូវវាយឲ្យសន្លប់ជននេះបាននិយាយថា ខ្លួនស្នាក់នៅភូមិសាមគ្គីទី៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកបក្ខពួក ៤នាក់ទៀតខ្លះស្នាក់នៅម្ដុំកំបូល ខណ្ឌកំបូល និងខ្លះទៀតស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូ ១គ្រឿងម៉ាក Honda Beat ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1HS-4602 របស់ឈ្មោះស្រីនីត ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើនោះ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅថ្ងៃកើតហេតុឪពុកម្ដាយបានទៅចូលរួមមង្គលការបងប្អូន នៅឯខេត្តស្វាយរៀង ចំណែកជនរងគ្រោះនិងប្អូនស្រីម្នាក់ទៀតនៅផ្ទះលក់ដូរ ខណៈនោះជនសង្ស័យ ៥នាក់ បានជិះម៉ូតូទៅឈប់នៅមុខផ្ទះលក់ដូរនោះ បន្ទាប់មកជនសង្ស័យម្នាក់ដែលត្រូវចាប់ខ្លួននោះ បានដើរចូលទៅរកទិញទឹកផឹក ខណៈពេលដែលជនរងគ្រោះកំពុងបើកធុងយកទឹកឲ្យជននេះ បានធ្វើសកម្មភាពលួចយកម៉ូតូដែលជនរងគ្រោះទុកនៅក្នុងផ្ទះបញ្ឆេះជិះរត់គេចខ្លួន។

ប្រភពដដែលបាននិយាយបន្តទៀតថា ភ្លាមៗនោះជនរងគ្រោះបានទាញដណ្ដើមយកម៉ូតូមកវិញ ហើយក៏ត្រូវបជនសង្ស័យចាប់គ្រវាសដៃចេញ បណ្ដាលឲ្យដួលរងរបួសទាំង ២នាក់បងប្អូន បន្ទាប់មកជនសង្ស័យបានជិះម៉ូតូគេចខ្លួន
ហើយជនរងគ្រោះក៏បានស្រែកថា «ចោរ» បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដេញតាមចាប់រួចវាយទាត់ធាក់ម្នាក់១ដៃ១ជើងរបួសសន្លប់ស្ដូកស្ដឹង ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ស្នោរ បានចុះទៅនាំយកជនសង្ស័យខាងលើ ទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់