ព័ត៌មានជាតិ

បើកបរម៉ូតូលឿនដោយខ្វះការប្រុងប្រយ័ត្ន បណ្តលឲ្យបុកស្ត្រីវ័យចំណាស់ស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១ និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ១គ្រឿង បុកលោកយាយអាយុ៦០ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពប្រម៉ោយ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ ១០៨-១០៩ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាក WAVE អាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ បានបុកអ៊ុំស្រីម្នាក់ដើរឆ្លងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ឃើញហេតុដូចនេះប្រភពព័ត៌មានបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ សម្រួលចរាចរណ៍ និងសង្គ្រោះជនរងគ្រោះ ។

លោកវរសេនីយ៍ឯក ធាង ឡេង បានប្រាប់ឲ្យដឹងថា កត្តាដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គឺកត្តាប្រើប្រាស់ល្បឿន និងខ្វះការប្រុងប្រយ័ត្ន ចំពោះជនរងគ្រោះមានឈ្មោះ ឡុង ភី ភេទស្រី អាយុ ៦០ឆ្នាំ មានទីលំនៅក្នុងភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ រងរបួសធ្ងន់ ពេលបញ្ជូនដល់មណ្ឌលសុខភាពប្រម៉ោយ ជនរងគ្រោះបានស្លាប់ សពត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯអ្នកបើកបរម៉ូតូឈ្មោះ ហុង រ៉េន ភេទប្រុស អាយុ ១៦ ឆ្នាំ រងរបួសស្រាល និងអ្នករួមដំណើរម្នាក់ឈ្មោះ អាំ ជីតា ភេទស្រី អាយុ ២២ ឆ្នាំ រងរបួសស្រាល អ្នកទាំងពីរមានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ត្រូវបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពប្រម៉ោយ ។

បច្ចុប្បន្នវត្ថុតាងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាន រង់ចាំការដោះស្រាយ ៕

មតិយោបល់