ព័ត៌មានជាតិ

រថយន្តធុនធំបុកកូនគោងាប់២ក្បាល និងរេចង្កូតបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត

កំពង់ស្ពឺ: ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ វេលាម៉ោង០៥និង១៥ នាទី នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែតលេខ ៩៣-៩៤ ស្ថិតក្នុងភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកកូនគោងាប់២ក្បាល និងរេចង្កូតបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវីត​ នៅនឹងកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តម៉ាក វ៉េអង ក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ក្បាល 3B-1761 សណ្តោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 4A-1947 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ បានបើកពីទិសខាងកើត ទៅទិសខាងលិច ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកកូនគោចំនួន២ក្បាល កំពុងតែដេកលើផ្លូវ បណ្ដាលឲ្យងាប់នៅនឹងកន្លែង រួចបានរេចង្កូតទៅបុកម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Q-6818 បើកបរដោយឈ្មោះ នាង សុគី ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិ កុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កំពុងបើកពីទិសខាងលិច ទៅទិសខាងកើត បណ្ដាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ ។

វត្ថុតាងម៉ូតូ និងរថយន្ត កម្លាំងសមត្ថកិច្ចបានយកមករក្សាទុក នៅអធិការដ្ឌាននគរបាលស្រុកថ្ពង ចាត់ការតាមនីតិវិធី ។ ចំណែកសាកសពជនរងគ្រោះ បានប្រគល់ទៅសាច់ញាតិយកទៅបុណ្យតាមប្រពៃណី ៕

មតិយោបល់