ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែល រថយន្តកូរ៉េដឹកការ៉ូមួយគ្រឿង សង្ស័យបើកលឿនអកស៊ើរថយន្តនៅខាងមុខ ទើបបួងចង្កូតឆ្លងផ្លូវទៅបុករថយន្តសណ្តោងធុនធំ ដែលបើកបញ្រ្ចាស់ទិស រួចក៏ជ្រុលទៅបុកម៉ូតូរទេះលក់ទឹកអំពៅ ដែលឈប់ក្បែរនោះ ធ្លាក់ចូលប្រឡាយទឹក រងខូចខាតដំណំ សំណាងរបួសស្រាល ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅទីតាំងកើតហេតុបានឲ្យដឹងថា តំបូងគេបានឃើញរថយន្តកូរ៉េ ដឹកការ៉ូ ពណ៌ខៀវ មួយគ្រឿង ដែលពាក់ស្លាកលេខ កំពង់ធំ 3A-0773 បើកបរក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ សង្ស័យអកស៊ើរថយន្ត ដែលនៅខាងមុខទើបបួងចង្កូតបត់ឆ្វេងឆ្លងផ្លូវ ក៏ជ្រុលទៅបុកកាប៊ីនរថយន្តសណ្តោងធុនធំ ពណ៌ស ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង យ៉ាងពេញទំហឹង រួចជ្រុលទៅបុកម៉ូតូរទេះលក់ទឹកអំពៅ ដែលពាក់ស្លាកលេខ ភ្នំពេញ 1D-8221 ដែលកំពុងឈប់លក់ក្បែរនោះ បណ្តាលឲ្យធ្លាក់ទឹកប្រឡាយទាំងរថយន្តធុនធំនិងរ៉ឺម៉ក សំណាងមនុស្សរបួសស្រាល ចំណែករថយន្តកូរ៉េរងការខូចខាតកាប៊ីនមុខខ្ទេច អ្នកបើកបររងរបួសស្រាល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ រួចរាយការណ៍បន្តទៅផ្នែកជំនាញ ចុះធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បី រង់ចាំការដោះស្រាយ ៕
មតិយោបល់