ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនបុរសម្នាក់ក្លែងខ្លួនជាព្រះសង្ឃ និមន្តបិណ្ឌបាតតាមភូមិ មិនទទួលយកចង្ហាន់ ទទួលយកតែបច្ច័យ (ប្រាក់) តែប៉ុណ្ណោះ

បាត់ដំបងៈ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩និង២០នាទី ចំណុចក្រុមទី០២ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរ បាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿង ញៀន រួមជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល ជ្រៃនៃអធិការដ្ឋាននគរបាល ស្រុកថ្មគោល អនុវត្តនាំ(ព្រះសង្ឃក្លែងក្លាយ)កំពុងនិមន្តបិណ្ឌបាតតាមផ្លូវក្នុងមូលដ្ឋានខាងលើ មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

ក្នុងពេលសាកសួរព្រះសង្ឃអង្គនេះមានព្រះនាម លឹម ចាន់វិបុល មានព្រះជន្ម ៣០ព្រះវស្សាមុននេះ រស់នៅភូមិត្រពាំច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ហើយពេលពិនិត្យសមត្ថកិច្ចរកឃើញថ្នាំញៀនមួយថង់រក្សាទុកនៅក្នុងកញ្ចប់បារីមានទម្ងន់០,៥៧ក្រាមទាំងសំបកថង់ ហើយទីបំផុតព្រះសង្ឃអង្គនេះបានសារភាពថា ការគ្រងស្បង់ចីវរជាព្រះសង្ឃនេះគឺជាព្រះសង្ឃក្លែងក្លាយទេ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការកាក់ដំណើរព្រះសង្ឃ (ក្លែងក្លាយ) ដើម្បីសាកសួរ នេះគឺសមត្ថកិច្ចនគរបាលស្រុកទទួលព័ត៌មានពីពលរដ្ឋថា ប៉ុន្មានថ្ងៃនេះសង្កេតឃើញព្រះសង្ឃមួយអង្គនិមន្តបិណ្ឌបាតនៅមូលដ្ឋានខាងលើ តែ មួយអង្គឯង ហើយចម្លែកដោយសារព្រះសង្ឃអង្គនេះបិណ្ឌបាតសុំយកតែបច្ច័យ(ប្រាក់) រីឯចង្ហាន់មិនទទួលយកទេ ទិដ្ឋភាពរបស់ព្រះសង្ឃអង្គ នេះប្រជាពលរដ្ឋនៅមូលដ្ឋានមិនដែលបានឃើញពីមុនមក ទទួលបានព័ត៌មាននេះទើបសមត្ថកិច្ចនគរបាលស្វែងរកជួបព្រះសង្ឃអង្គនេះដើម្បី សាកសួរ។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានឱ្យដឹងថា ពេលសាកសួរព្រះសង្ឃអង្គនេះបានសារភាពថា លោកជាព្រះសង្ឃក្លែងក្លាយទេ មុននឹងមកដល់ខេត្តបាត់ដំបង បានទៅលួចយកស្បង់ចីវ បាតនិងថង់យាម របស់ព្រះសង្ឃនៅវត្តមួយនាខេត្តបន្ទាយ មានជ័យ ហើយពេលលួចបានក៏ផ្តើមគ្រងស្បង់ចីវនេះ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាតនៅតាមភូមិនាឃុំជ្រៃ ស្រុកថ្មគោល រហូត ដល់សមត្ថកិច្ចទទួលព័ត៌មាននេះ និងនាំមកធ្វើការសាកសួរ។

នៅពេលនេះសមត្ថកិច្ចនគរបាល បានទាក់ទងជាមួយ ខាងមន្រ្តីធម្មការស្រុកថ្មគោល ដើម្បីមានចំណាត់ការខាងផ្នែកសាសនា មុនពេលសមត្ថកិច្ចចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់