ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើប្រាស់អាវុធខុសច្បាប់ បាញ់គំរាមធ្វើអោយខូចខាតទ្រព្យសម្បត្តិដោយចេតនា

កោះកុងៈ នៅវេលាម៉ោង២០និង៣០ នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ មានករណីជនសង្ស័យម្នាក់ប្រើប្រាស់អាវុធខុសច្បាប់ បាញ់គំរាមធ្វើអោយខូចខាតទ្រព្យសម្បត្តិ ដោយចេតនា នៅចំណុចបន្ទប់ផ្ទះជួល ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ យ៉េត រីន ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ កម្មករទូក មានទីលំនៅស្នាក់នៅបន្ទប់ផ្ទះជួល ភូមិចាំយាម ឃុំ ប៉ាក់ខ្លង ស្រុក មណ្ឌលសីមា បានយកកាំភ្លើងខ្លី ទៅបាញ់ក្នុងបន្ទប់ផ្ទះជួល របស់ឈ្មោះ អឿន សំអុល បាញ់ ១ គ្រាប់ ត្រូវលើទូរស័ព្ទរបស់ម្ចាស់ផ្ទះ កំពុងតែសាកថ្មនៅលើឥដ្ឋការ៉ូ បណ្តាលអោយបែកខ្ទេច ឆេះអស់ និងឆេះប្រាក់ ទុកក្នុងប្រអប់ទូរស័ព្ទ VIVO ក្នុងនោះប្រាក់ចំនួន ៣០.០០០ រៀល ( បីម៉ឺនរៀល) និង ប្រាក់ដុល្លារ ចំនួន ១០០ ដុល្លារ ថែមទៀត ( មួយរយដុល្លារ) ក្រោយពីបាញ់រួច ឈ្មោះ យ៉េត រីន ដើរចេញពីបន្ទប់ផ្ទះជួល គេចខ្លួនបាត់តែម្ដង ដល់ថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីព្រឹក កម្លាំងសមត្ថកិច្ចបានកំណត់មុខសញ្ញា ហើយចុះស្រាវជ្រាវ បានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉េត រីន នៅក្នុងកំពង់ផែប្រមូលទិញផលនេសាទ ភូមិ នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា រហូតដល់ម៉ោង ១៦និង០០នាទី ទើបបានស្រាវជ្រាវរកឃើញអាវុធខ្លី K៥៤ លេខ២០០០៥០៩៥ គ្រាប់ក្នុងបង់ មានចំនួន ៤ គ្រាប់ ។

រួចហើយកម្លាំងសមត្ថកិច្ចបានទៅឆែកឆេរលំនៅដ្ឋាន បន្ទប់ផ្ទះជួលឃើញតែ ស្រោមកាំភ្លើង មិនឃើញកាំភ្លើងឡើយ ហើយកម្លាំងបានស្រាវជ្រាបបន្តសួរយកចម្លើយបំភ្លឺ ដោយឈ្មោះ យ៉េត វីន នៅលាក់លៀម នូវ អាវុធលាក់ទុកមិនប្រាប់ តាមការសន្និដ្ឋាន របស់កម្លាំងជំនាញពិនិត្យទៅឃើញថា ជនសង្ស័យមិនសហការ ជាមួយកម្លាំងសមត្ថកិច្ចឡើយ ។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកម្លាំងជំនាញ បំពេញសំណុំរឿងបញ្ជូនទៅអោយផែនព្រហ្មទណ្ឌខេត្ត ចាត់ការបន្តទៅតាម​នីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់