ភ្នំពេញ: រថយន្តម៉ាកសាំយ៉ុង១គ្រឿងបើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥មួយគ្រឿង ពេញទំហឹងខ្ទាតជាង ២០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ បន្ទាប់មករថយន្តនេះបានបន្ថែមល្បឿនបានចម្ងាយប្រមាណ ១គីឡូម៉ែត្រទើបឈប់ ហើយអ្នកបើកបរបានចុះរត់ឡើងជិះរថយន្ត១គ្រឿងផ្សេងទៀតគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់មហាវិថីឈ្នះឈ្នះ ត្រង់ចំណុចផ្លូវចូលភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រពពីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញ បុរសរងគ្រោះជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1S-2994 ធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិចឆ្លងមកមហាវិថីខាងលើ ក្នុងបំណងចូលតាមផ្លូវបេតុងចូលភូមិស្រែរាជ្ជះ ស្របពេលនោះស្រាប់តែមានរថយន្តម៉ាកសាំយ៉ុង ពណ៌បៃតងលាយស ពាក់ស្លាកលេខ ភ្នំពេញ 2Q-7284 បើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងទៅដល់បុកពេញទំហឹងខ្ទាតផ្លោងជាង ២០ម៉ែត្រតែម្ដង។
ប្រភពដដែលបានបន្តថា ខណៈនោះបានបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ហើយម៉ូតូរងការខូចខាត ចំណែករថយន្តក៏បានរងការខូចខាតដែរ បន្ទាប់មកបានបន្ថែមល្បឿនកាន់តែលឿន ។លុះបានចម្ងាយប្រមាណ១គីឡូម៉ែត្រទើបឈប់ហើយអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្ត្គោះបន្ទាន់ភ្លាមៗ ដោយឡែករថយន្ត និងម៉ូតូ ត្រូវបាននគរបាលចុះទៅធ្វើការវាស់វែង និងនាំយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់