ភ្នំពេញៈ បន្ទាប់ពីមានការរិះគន់ចំៗ ទៅលើមន្ទីរសម្រាកព្យាបាល ហេង ឈុន ដែលមានទីតាំងនៅភូមិបែកចានថ្មី ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធការមិនទទួលសង្គ្រោះក្មេងប្រុសអាយុ២ឆ្នាំ ដែលលង់ទឹកកាលពីព្រឹកមិញ ធ្វើឲ្យប្រធានមន្ទីរសម្រាកព្យាបាលមួយនេះប្រតិកម្ម ដោយលោកអះអាងថា មិនមែនជាជំនាញរបស់លោក ពោល គឺមន្ទីរសម្រាកព្យាបាលរបស់លោក ទទួលតែជំងឺស្រាលៗ ឬវះកាត់ប៉ុណ្ណោះ។
យោងទៅតាមគណនីហ្វេសប៊ុសឈ្មោះ Phanetsok Phanet បានឲ្យដឹងថា “នៅព្រឹក១៥ មិថុនា ២០១៦ វេលាម៉ោង07:10នាទី មានក្មេងប្រុសអាយុ២ខួប លង់ទឹកពាង ត្រូវបានជីតានាំទៅឲ្យពេទ្យសង្គ្រោះ តែត្រូវពេទ្យបណ្តេញចេញ ដែលទីតាំងពេទ្យទាំង២កន្លែងមិនទទួលសង្រ្គោះក្មេងទុកឲ្យក្មេងស្លាប់ខាងលើ ស្ថិតនៅក្បែរផ្សារថ្មីក្រុងបាត់ដំបង”។
ទាក់ទងនឹងព័ត៌មាននេះ ត្រូវបានលោកវេជ្ជបណ្ឌិត ហេង ឈុន ប្រាប់ Post News នាថ្ងៃទី១៥ ខែមិថុនានេះថា មិនមែនពេទ្យមិនសង្គ្រោះទេ គឺពេទ្យមិនមានជំនាញ និយាយឲ្យចំ គឺមន្ទីរសម្រាកព្យាបាលរបស់លោក ទទួលតែជំងឺស្រាលៗប៉ុណ្ណោះ។
បើតាមលោក ហេង ឈុន “នៅពេលដែលខ្ញុំទៅស្រស់ស្រូបអាហារពេលព្រឹក ខ្ញុំមិនបានដឹងថា មានអ្នកជំងឺត្រូវឲ្យជួយសង្គ្រោះទេ ប៉ុន្តែកូនចៅរបស់ខ្ញុំបានរាយការណ៍ប្រាប់ថា មានក្មេងលង់ទឹកម្នាក់ ត្រូវគេឱបបញ្ឈរក្បាលចុះក្រោមឲ្យពេទ្យសង្គ្រោះ។ ពេលនោះ កូនចៅរបស់ខ្ញុំគាត់ថា ខ្ញុំមិនហ៊ានទទួលទេ ពីព្រោះគ្រូពេទ្យមិននៅ ហើយសុំឲ្យសាច់ញាតិយកទៅពេទ្យអង្គការចុះ”។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា មន្ទីរសម្រាកព្យាបាលរបស់លោក មានច្បាប់ត្រឹមត្រូវ ហើយក៏មិនហ៊ានទទួលជំងឺធ្ងន់ធ្ងរដែរ ព្រោះខ្លាចប៉ះពាល់ និងប្រឈមផ្លូវច្បាប់។ ប៉ុន្តែលោកបានបញ្ជាក់ថា ក្រៅពីមន្ទីរសម្រាកព្យាបាលរបស់លោក គឺមានមណ្ឌលសុខភាពជាច្រើនទៀតនៅក្បែរនោះ និងមានពេទ្យអង្គការចម្ងាយ៥០០មែត្រ ពីទីនោះ ព្រមទាំង១០០០ម៉ែត្រ ដល់មន្ទីរពេទ្យធំ៕
https://youtu.be/57Txhz8rIQg
https://youtu.be/m5U1QiRIBZA
មតិយោបល់