ព័ត៌មានជាតិ

យុវសិស្ស ៣នាក់ ជិះម៉ូតូមួយគ្រឿងលឿនជ្រុល ទៅបុករថយន្តពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗចំណែក ២នាក់ ទៀតរបួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលយុវសិស្ស ៣នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ដល់ចំណុចផ្លូវបំបែកជា៤ក៏ជ្រុកទៅបុករថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗចំណែក ២នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិស្វាយបក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា តំបូងគេបានឃើញយុវសិស្ស ៣នាក់ធ្វើដំណើរដោយម៉ូតូម៉ាក ហុងដាប៊ីតមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1HD-1890 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន រហូតមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជា៤ ក៏ជ្រុលទៅបុកចំហៀងរថយន្តប្រភេទហ៊ីយ៉ាន់ដាយ ពណ៌ស មិនមានស្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យខ្ទាតបោកខ្ទប់និងរថយន្តយ៉ាងពេញទំហឹងស្លាប់ម្នាក់ភ្លាមៗចំណែក ២នាក់ទៀតរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍នៃអធិដ្ឋាននគរបាលខណ្ឌសែនសុខ ចុះដល់ទីតាំងរួចក៏រាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់