ព័ត៌មានជាតិ

នារីម្នាក់ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូ ១គ្រឿងគ្នា ៣នាក់ ត្រឡប់ពីស្រុកកំណើតវិញ ត្រូវរថយន្តព្រូសបុកពីក្រោយធ្លាក់លើផ្លូវ រួចត្រូវរថយន្តមួយគ្រឿងទៀត មកកិនយ៉ាងពេញទំហឹង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាណ៍មួយដែលបណ្តាលនារីម្នាក់ស្លាប់ពេលបញ្ជូនទៅសង្រ្គោះបន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នា ៣នាក់ តាមដងផ្លូវត្រូវរថយន្តម៉ាកព្រូសបើកមកពីក្រោយបុកបណ្តាលឲ្យធ្លាក់នារីម្នាក់ដែលអង្គុយខាងក្រោយទៅនឹងថ្នល់ភ្លាមនោះ ស្រាប់តែមានរថយន្តតាកូម៉ាមួយគ្រឿងទៀត ធ្វើដំណើរស្របគ្នាកិនបណ្តាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅសង្រ្គោះ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៥៥នាទី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងត្បូងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពនារីរងគ្រោះមានឈ្មោះ ស្រស់ នីតា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ចម្ងាយប្រហែល ៣គីឡូម៉ែត្រពីកន្លែងកើតហេតុ និងមានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង។

ជនបង្កជាជនជាតិចិនឈ្មោះ XU xueyonog ភេទប្រុស អាយុ ៥៣ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាក Nex ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1AM-0241 បើកបរដោយបុរសម្នាក់ឌុបគ្នា ២នាក់ នៅខាងក្តោយ ដែលធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកព្រូសមួយគ្រឿង មិនចាំស្លាកលេខធ្វើដំណើរមកពីក្រោយជ្រុលបុកកន្ទុយម៉ូតូពីក្រោយ បណ្តាលឲ្យនារីដែលអង្គុយខាងក្រោយគេធ្លាក់ទៅនឹងថ្នល់ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកតាកូម៉ាពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 2AT-8813 បើកបរដោយបុរសជនជាតិចិនធ្វើដំណើរក្នុងទិសដៅស្របគ្នា ក៏ជ្រុលកិនជនរងគ្រោះរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅសង្រ្គោះ ចំណែករថយន្តព្រូសគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំង និងរាយការទៅផ្នែកជំនាញ ចុះធ្វើការវាស់វែងនាំយកម្ចាស់រថយន្ត និងរថយន្តរួមទាំងម៉ូតូទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយដោយឡែកសព ត្រូវបានប្រគល់ទៅក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់