ព័ត៌មានជាតិ

រឿងកំសត់ នៅពីក្រោយការស្លាប់របស់ចោរប្លន់ទូរស័ព្ទ ដែលបានសម្លាប់ខ្លួនឯងពេលអាវុធហត្ថរាជធានីភ្នំពេញហ៊ុំព័ទ្ធជាប់

ភ្នំពេញៈ ជុំវិញរឿងរ៉ាវចោរប្លន់ហាងលក់ទូរស័ព្ទនៅខណ្ឌទួលគោក ហើយមួយថ្ងៃបន្ទាប់បានបាញ់សម្លាប់ខ្លួនឯង ក្រោយសមត្ថកិច្ចឡោមព័ទ្ធរួចមកនោះ ភរិយាជនល្មើសបានរៀបរាប់បំភ្លឺថា

នាងខ្ញុំមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ហើយទៅធ្វើការនៅក្លឹបស្នូឃ័រ ខេត្តសៀមរាប បានជួបជាមួយបុរសឈ្មោះ ហេង សុខមាន ជាបុគ្គលិកក្រុមហ៊ុន metfone និងបានរៀបការគ្នាជាប្តីប្រពន្ធ ក្នុងឆ្នាំ២០១១នៅស្រុកកំណើតរួចត្រឡប់ទៅធ្វើការនៅខេត្តសៀមរាបវិញដដែល ក្រោយមកប្តីខ្ញុំឲ្យខ្ញុំឈប់ធ្វើការ ដោយគាត់ជាអ្នករាប់រងជីវភាពទាំងស្រុង។

ប្តីខ្ញុំធ្វើការបាន១៦០ដុល្លារ ក្នុង១ខែ ដោយគាត់ចេះចិន អង់គ្លេស និង IT ច្បាស់ គាត់បានសុំក្រុមហ៊ុនឡើងប្រាក់ខែ តែក្រុមហ៊ុនមិនព្រមឡើងឲ្យ ថែមទាំងកាត់ប្រាក់ហូបប្រចាំថ្ងៃ និងថ្លៃសាំងទៀត ប្តីខ្ញុំក៏បានលាឈប់ កាលនោះគ្រួសារខ្ញុំបានខ្ចីលុយធនាគារ ១.០០០ដុល្លារ ដើម្បីទិញម៉ូតូ ដោយយកប្លង់ដីម្តាយនាងខ្ញុំនៅពោធិ៍សាត់ដាក់បញ្ចាំ តែក្រោយមកម៉ូតូនោះត្រូវចោរលួចបាត់។ បន្ទាប់មកប្តីខ្ញុំបានដាក់ពាក្យធ្វើការគ្រប់ទីកន្លែងក្នុងខេត្ត តែគ្មានអ្នកណាទទួល រហូតបានជាប់ការងារជាអ្នកគ្រប់គ្រងទូទៅនៅភោជនីយដ្ឋាន និងផ្ទះសំណាក់ក្នុងខេត្តមណ្ឌលគីរី ឯខ្ញុំក៏បានទៅធ្វើការជាមួយគ្នា ពេលនោះពួកខ្ញុំខិតខំសន្សំប្រាក់ធីប ដែលភ្ញៀវឲ្យរហូតសងបំណុលធនាគាររួច និងសល់លុយមួយចំនួន ពួកខ្ញុំក៏បានខ្ចីលុយធនាគារ ៥.០០០0ដុល្លារបន្ថែមទៀត ដើម្បីបើកហាងហូបចុកខ្លួនឯង តែក៏ត្រូវខាតបង់អស់គិតជាទឹកប្រាក់ប្រហែល ៣០.០០០ដុល្លារ។

ក្រោយមកពួកខ្ញុំបានត្រលប់មកខេត្តសៀមរាបវិញ ប្តីខ្ញុំបានម៉ៅការសំណង់ពីក្រុមហ៊ុនចិនមួយ តែថៅកែចិនបើកលុយឲ្យមិនគ្រប់ ពួកខ្ញុំក៏បានខ្ចីលុយធនាគារម្តងទៀតចំនួន ៣.៥០០ដុល្លារ ដើម្បីបើកឲ្យថ្លៃកម្មករ ហើយប្តីខ្ញុំបានទៅទទួលម៉ៅការសំណង់មួយកន្លែងទៀតនៅខេត្តកោះកុង។

ក្រោយចប់គម្រោងនៅកោះកុង ប្តីខ្ញុំក៏បានទៅរកម៉ៅការនៅសំណង់វារីអគ្គីសនីខេត្តស្ទឹងត្រែង តែពេលទៅដល់ប្តីនាងខ្ញុំបានធ្លាក់ខ្លួនឈឺជាទម្ងន់ គឺជំងឺឈាមសស៊ីឈាមក្រហម ពេលនោះនាងខ្ញុំបានខ្ចីលុយធនាគារម្តងទៀតដើម្បីមើលជម្ងឺប្តី ហើយបានមកនៅភ្នំពេញដោយស្នាក់នៅផ្ទះមីងពូ ក្នុងខណ្ឌព្រែកព្នៅ ក្រោយមកចេញទៅនៅផ្ទះជួល១ខែ៤០ដុល្លារ។ ប្តីខ្ញុំបានប្រាប់ថាគាត់បានទទួលម៉ៅការសំណង់ជាមួយក្រុមហ៊ុនចិននៅអូឡាំពិក ហើយគាត់តែងតែចេញទៅធ្វើការរៀងរាល់ព្រឹក និងត្រលប់មកផ្ទះវិញរាល់ល្ងាច មិនដែលដាច់យប់ទេ។ ពួកខ្ញុំមានម៉ូតូ១គ្រឿងម៉ាកស្មាស់ សេរីឆ្នាំ២០១២ ក៏បានយកទៅបញ្ចាំ ៦០០ដុល្លារ ដើម្បីបង់ការប្រាក់ និងឲ្យថ្លៃឈ្នួលផ្ទះអស់ដែរ។ ក្រោយពេលបញ្ចាំម៉ូតូបានប៉ុន្មានថ្ងៃ ប្តីខ្ញុំបានជិះម៉ូតូចាស់មួយគ្រឿងមកផ្ទះដោយប្រាប់ថាខ្ចីគេ។ នៅថ្ងៃទី១៨ សីហា២០១៦ ប្តីខ្ញុំបានឲ្យលុយមកខ្ញុំ២០០ដុល្លារសម្រាប់បង់ថ្លៃផ្ទះ និងសងការប្រាក់គេ ដោយប្រាប់ថាជាលុយប្រាក់ខែ យប់ហ្នឹងប្តីខ្ញុំចេះតែនិយាយប្លែកៗ ដោយប្រាប់ឲ្យខ្ញុំឱបគាត់ឲ្យណែន ហើយសួរខ្ញុំថា បើអត់ពីបងទៅតើអូនចិញ្ចឹមកូនរស់ទេ រួចហើយយកកូនមកដាក់លើដើមទ្រូងនិយាយផ្តាំកូនថា បើអត់ពីប៉ាទៅកូនត្រូវរកមនុស្សណាដែលល្អរស់នៅជាមួយគេ។

លុះព្រឹកឡើងថ្ងៃទី១៩សីហា2016 ម៉ោង០៦ព្រឹក នាងខ្ញុំបានលឺសំឡេងគោះទ្វារនិងស្រែកខ្លាំងៗ នាងខ្ញុំចង់ទៅបើកផ្ទះ តែប្តីខ្ញុំចេះតែអោបខ្ញុំជាប់ និងប្រាប់ខ្ញុំកុំឲ្យបើកទ្វារទាំងខ្លួនញ័រចំប្រប់ ហើយបាននិយាយថាថ្ងៃនេះជាថ្ងៃអង្សាបងហើយ ពេលនាងខ្ញុំមិនបានចាប់អារម្មណ៍សម្តីគាត់ ដោយប្រឹងផ្ទៀងស្តាប់សម្លេងនៅខាងក្រៅ កំពុងតែស្តាប់ ស្រាប់តែលឺសូរសំឡេងកាំភ្លើងមួយគ្រាប់ ភ្លាមនោះនាងខ្ញុំបានងាកទៅរកប្តី តែមិនឃើញ ខ្ញុំក៏ដើរចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែឃើញប្តីខ្ញុំដួលស្លាប់ឈាមជោគជាំក្នុងបន្ទប់ទឹកបាត់ទៅហើយ ដោយក្តីតក់ស្លុតនាងខ្ញុំក៏បានដួលទៅលើដី ហើយប្រឹងលូនទៅបើកទ្វារឲ្យគេជួយ ក៏ឃើញសមត្ថកិច្ចសម្រុកចូលទៅមើលក្នុងបន្ទប់។ នាងខ្ញុំពិតជាមិនដែលដឹងសោះថា ប្តីខ្ញុំជាចោរ ហើយក៏មិនដែលដឹងថាគាត់មានកាំភ្លើងដែរ នេះបើខ្ញុំដឹងម្ល៉េះខ្ញុំហាមគាត់មិនឲ្យជ្រុលខ្លួនធ្វើរឿងទុច្ចរិតអញ្ចឹងទេ ហើយខ្ញុំក៏មិនក្លាយជាស្រីមេម៉ាយដូច្នេះដែរ។ ម្យ៉ាងខ្លួនជាស្រី ម៉្យាងកូននៅក្មេងខ្ចីសុទ្ធតែស្រីដល់ទៅ៣នាក់ ម៉្យាងជំពាក់បំណុលគេ។

ឃើញដូច្នេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានចិត្តអាណិតអាសូរប្អូនស្រី ក៏បានជួយឧបត្ថម្ភថវិកា ៥លានរៀល អង្ករ៤ការ៉ុង ទឹកសុទ្ធ៤កេស ទឹកក្រូច២កេស ទឺកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ជូនដល់ប្អូនស្រីដើម្បីជាទុនក្នុងការដោះស្រាយជីវភាពបន្តទៅមុខ៕

photo_2016-08-22_20-42-00photo_2016-08-22_20-42-14photo_2016-08-22_20-42-19photo_2016-08-22_20-42-25photo_2016-08-22_20-42-29photo_2016-08-22_20-42-34

មតិយោបល់