ព័ត៌មានជាតិ

មុខសញ្ញាចោរឆក់តាមដងផ្លូវចំនួន២នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាប

បាត់ដំបង: កាលពីថ្ងៃច័ន្ទ ៧កើតខែ ជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៥និង១០ នាទី មុខសញ្ញាចោរឆក់តាមដងផ្លូវចំនួន០២នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាបបាននៅក្រុងបាត់ដំបង យកមកអនុវត្តតាមផ្លូវច្បាប់ នៅចំណុចក្រុមទី០២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

អនុវត្តតាមការចង្អុលដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោភួង ចន្ទ័តារាស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលនិងដោយបានការសម្របសម្រួល លើនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន បានដឹកនាំកម្លាំងក្នុងការិយាល័យ រួមជាមួយ កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់ យកទូរស័ព្ទដៃ) ចំនួន០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០២ នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវនោះគឺ៖ ឈ្មោះ សេត សុគង់ ហៅ ស្នា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង និងឈ្មោះ សុខ ស៊ីធីន ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ ០០និង៣០ នាទី ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចរង្វង់មូលព្រះនរាយដៃប្រាំបី ស្ថិតនៅក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានប្រជាពលរដ្ឋបានរាយការណ៍ មកសមត្ថកិច្ចថា មានករណី ចោរឆក់ទូរស័ព្ទដៃមួយកើតឡើង ដែលបង្កដោយជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១ គ្រឿងម៉ាក ហុងដា ឌ្រីមសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២២ គ្មានស្លាកលេខ បានធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ០១គ្រឿង ម៉ាក Iphone X ពណ៌ស ពីមនុស្សស្រីម្នាក់ ដែលកំពុងជិះម៉ូតូនិយាយទូរស័ព្ទ ប៉ុន្តែមិនបានសម្រេចនោះទេ ។

ទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលបាន ចាប់ផ្តើមធ្វើការស្រាវជ្រាវភ្លាមៗ ជុំវិញព័ត៌មានដែលទទួលបាននេះ ហើយ ឆ្លងតាមរយ:ការស្រាវជ្រាវ សមត្ថកិច្ចឈានទៅកំណត់មុខសញ្ញាបាន និងធ្វើការឃាត់ខ្លួនតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ពួកគេបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព (ឆក់ទូរស័ព្ទដៃ) ទៅលើជនរងគ្រោះនៅចំណុចកើតហេតុខាងលើប្រាដកមែន ប៉ុន្តែឆក់មិនបានសម្រេចនោះទេ ហើយពេលនេះ ត្រូវសមត្ថកិច្ចនគរបាលស្រាវជ្រាវឃាត់ខ្លួនតែម្តង ។

ទោះបីជាបែបនេះក្តី បច្ចុប្បន្នការិយាល័យជំនាញ បានធ្វើការកសាងសំណុំរឿងបញ្ជូនទៅសាលាដំ បូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់