ព័ត៌មានជាតិ

រថយន្តដឹកឥដ្ឋបុករថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយទឹកខ្លួនឯង

ភ្នំពេញ: រថយន្តដឹកឥដ្ឋ ១គ្រឿងបានបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចបានក្រឡាប់ធ្លាក់ចូលប្រឡាយទឹក ប៉ុន្តែពុំបានបណ្ដាលឲ្យមានអ្នករបួសឬស្លាប់នោះឡើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅតាមមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិភ្នៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំង ២គ្រឿង បានបើកបរធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីជើងទៅត្បូង ដោយរថយន្តដឹកឥដ្ឋខាងលើបានបើកបរតាមពីក្រោយរថយន្តកុងតឺន័រ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុរថយន្តកុងតឺន័រ បានបត់ឆ្វេងឆ្លងផ្លូវក្នុងបំណងត្រឡប់ក្រោយ ជាហេតុធ្វើឲ្យរថយន្តដឹកឥដ្ឋវាក់ជាន់ហ្រ្វាំងឈប់អត់ទាន់ ក៏បានជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រពេញទំហឹងតែម្ដង។

ប្រភពដដែលបានប្រាប់បន្តទៀតថា ខណ:នោះបណ្ដាលឲ្យរថយន្តដឹកកុងតឺន័រដាច់សន្ទុះក្រោយ ចំណែករថយន្តដឹកឥដ្ឋក្រពឹតខ្ទេចមុខហើយបានក្រឡាប់ធ្លាក់ចូលប្រឡាយទឹករងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អអ្នកបើកបរនិងប្រពន្ធពុំបានរងរបួសធ្ងន់ធ្ងរនោះឡើយ បន្ទាប់មករថយន្តកុងតឺន័របានបើកបន្តដំណើរទៅបាត់ស្រមោល ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះទៅពិនិត្យមើលជាក់ស្ដែង និងឲ្យម្ចាស់ស្ទូចយករថយន្តទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង៕

មតិយោបល់