ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីបង្កអំពើហិង្សា

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវនគរបាលចាប់ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីបានប្រើអំពើហិង្សាកាប់បុរស២នាក់ឲ្យរងរបួសធ្ងន់ស្រាលដោយពុំដឹងមូលហេតុ។ករណីនេះបានកើតឡើងនៅវេលាម៉ោង០៧និង២០នាទីព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី គក់ សុភ័ក្ត្រ អធិការរងទទួលផ្នែកការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានឲ្យដឹងថាក្រោយពីទទួលនបានព័ត៌មានពីហេតុការណ៍នៃអំពើហិង្សានេះលោកវរសេនីយ៍ឯកជាស្លូញអធិការនគរបាលស្រុកស្វាយចេកបានចាត់ឲ្យលោកដឹកនាំកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាម ចុះបង្ក្រាបនិងឃាត់ជនបង្កនាំមកអធិការដ្ឋានដើម្បីអនុវត្តតាមនីតិវិធី។

លោកអធិការរងបានបញ្ជាក់ថាជនដៃដល់ឈ្មោះ លន់ ឡាត់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះ សរ ធីម ភេទប្រុស អាយុ៣៨ឆ្នាំ និងឈ្មោះ អ៊ុក សារ៉ាន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំជាមួយជនបង្ក។

លោកវរសេនីយ៍ត្រីគក់សុភ័ក្ត្របានបញ្ជាក់ទៀតថាដំបូងជនបង្កបានធ្វើសកម្មភាពកាន់កាំបិតប៉័ងតោដើរទៅកាប់ឈ្មោះសរធីមកំពុងអង្គុយលេងជាមួយកូនស្រីនៅមុខផ្ទះដោយពុំដឹងមូលហេតុបណ្តាលឲ្យត្រូវចំខ្នងដៃស្តាំដេរ៣៩ថ្នេរ។បន្ទាប់មកជនរងគ្រោះក៏បានរត់ទៅឲ្យឈ្មោះអ៊ុកសារ៉ានជួយ។ពេលនោះជនបង្កបានកាប់ទៅលើឈ្មោះអ៊ុកសារ៉ានបន្ថែមទៀតបណ្តាលឲ្យត្រូវចំនួន០៣កន្លែងផ្នែកក្បាល០១កន្លែងដេរ១៥ថ្នេរខ្នង០១កន្លែងដេរ០៧ថ្នេរនិងចិញ្ចើម០១កន្លែងដេរ០៣ថ្នេរ។ជនបង្កកម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថាបើតាមការឲ្យដឹងពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាមជនបង្កឈ្មោះលន់ឡាត់កើតជំងឺសរសៃប្រសាទរយ:ពេល០៣ខែមកហើយប៉ុន្តែពុំមានលិខិតបញ្ជាក់ពីពេទ្យនោះទេ៕

 

មតិយោបល់