ព័ត៌មានជាតិ

សមត្ថកិច្ចក្រុងប៉ោយប៉ែតបង្ក្រាបមុខសញ្ញាឆក់ទូរស័ព្ទដៃឃាត់ខ្លួនជនសង្ស័យ៧នាក់និងអ្នកទទួលទិញផលចោរកម្ម២នាក់

បន្ទាយមានជ័យ: សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានបង្ក្រាបមុខសញ្ញាឆក់ទូរស័ព្ទយ៉ាងសកម្មនៅក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន០៧នាក់(ស្រី០១នាក់)ជាបន្តបន្ទាប់និងអ្នកទទួលទិញផលចោរម្ម២នាក់(ស្រី០១នាក់)បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាបន្ទាប់ពីទទួលព័ត៌មានថានៅយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៤និង៤០នាទី ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ មានមុខសញ្ញាជនសង្ស័យ០២នាក់ជិះម៉ូតូ០១គ្រឿងបានឆក់យកទូរសព្ទដៃរបស់អ្នកដំណើរម៉ាកIPhone12proMaxពណ៌ទឹកសមុទ្រខណ:ជនរងគ្រោះឈ្មោះ ហូ បាងថាញ់ (HOBANGTHANH)ភេទស្រី អាយុ៣២ឆ្នាំ ជាជនជាតិវៀតណាមស្នាក់នៅបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិះផាស្អាប់ចេញពីបុរីដួងច័ន្ទទៅខារ៉ាអូខេអេហ្វផា្លសបណ្តាលឲ្យជនរងគ្រោះធ្លាក់រងរបួសបែកមុខ(ដេរជាច្រើនថ្នេរ)។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យលោកដឹកនាំកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវតាមវិធានការជំនាញឈានដល់ការនាំខ្លួនឈ្មោះ សឿន ពិសី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិមិត្តភាពសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកទទួលទិញផលចោរកម្មមកសួរនាំដកហូតទូរស័ព្ទបាន២គ្រឿងរបស់ជនរងគ្រោះប្រគល់ជូនម្ចាស់វិញ។

លោកអធិការបានបន្តថាក្រោយពីសួរនាំអ្នកទទួលទិញផលចោរកម្មកម្លាំងផ្នែកជំនាញបានបន្តឃាត់ខ្លួនមុខសញ្ញាចោរឆក់ចំនួន០៨នាក់ទៀត។ក្នុងនោះបានដកហូតម៉ូតូជិះធ្វើសកម្មភាពចំនួន៤គ្រឿងក្នុងនោះc125ពណ៌ខ្មៅ២គ្រឿងអឹមស្លះ១គ្រឿងនិងMSXមួយគ្រឿងកាំបិតចំនួន៥ដើមសាម៉ូរ៉ៃ៣ដើមនិងកាំបិតខ្វែវ២ដើម។

លោកវរសេនីយ៍ឯកសៅសារឿនបានបញ្ជាក់ទៀតថា៖ជនសង្ស័យរួមទាំងវត្ថុតាងម៉ូតូ០៤គ្រឿងជិះធ្វើសកម្មភាពនិងកាំបិតចំនួន០៥ដើមកម្លាំងផ្នែកជំនាញរៀបចំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់។ដោយឡែកទូរស័ព្ទដៃរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕

 

មតិយោបល់