ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃពុធ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦ និង ១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក IZUSU បើកបុកបុរសម្នាក់ជិះម៉ូតូឆ្លងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៥ចន្លោះ គីឡូម៉ែត្រ ២០៨–២០៩ នៅមុខមន្ទីរពេទ្យបង្អែកបាកាន ស្ថិតនៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា រថយន្តបង្កមានម៉ាក IZUSU (១តោនកន្លះ) ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ- 9516 អ្នកបើកបរឈ្មោះ សែស សុផា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ព្រែធាតុ ឃុំលាយបូរ ស្រុក ត្រាំកក់ ខេត្តតាកែវ បានបើកបររថយន្តពីទិសខាងកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដា ស៊េរីឆ្នាំ 2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H- 3680 បើកបរដោយឈ្មោះ អ៊ោក ប៊ុនធឿន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានឆ្លងថ្នល់ពីត្បូងមកជើងយ៉ាងពេញទំហឹង ដួលកៀបម៉ូតូក្រោមរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីកត្តាល្បឿននិងខ្វះការប្រុងប្រយ័ត្ន។
ចំណែករថយន្ត និងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
មតិយោបល់