ភ្នំពេញៈ នាវេលាម៉ោង ១១យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ មានករណីបុរសម្នាក់ បើករថយន្តបម្រុងចូលទៅដេកក្នុងផ្ទះសំណាក់យីហោ ដំណាក់ចន្ទ ស្រាប់តែជ្រុលចង្កូតបុកទ្វារដែកច្រកចូល បណ្ដាលឲ្យរលំបាក់ ស្ថិតតាមបណ្ដោយផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តម៉ាក TOYOTACRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-9708 បើកបរដោយបុរសម្នាក់។
ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីបុរសជាភ្ញៀវបានឲ្យដឹងថា រូបគាត់បានបើករថយន្តម៉ាកខាងលើ បំណងចូលទៅសម្រាកនៅក្នុងផ្ទះសំណាក់កើតហេតុ ខណៈបើកមកដល់ច្រកចូលមុខផ្ទះនោះ បួងចង្កូតមិនផុតក៏ជ្រុលបុកទ្វារដែកមួយផ្ទាំង បណ្ដាលឲ្យរលំបាក់ខូចខាត ហើយខាងបុគ្គលិកផ្ទះសំណាក់ ដេញចេញមិនឲ្យចូលសម្រាកឡើយ ដោយបានដឹងពីកំហុសរបស់ខ្លួន បុរសជាភ្ញៀវចុះពីក្នុងរថយន្តធ្វើការសុំទោស រំពេចនោះដែរក៏មានបុរសម្នាក់ចេញមុខ មកជេរប្រមាថ និងវាកញ្ចក់រថយន្តបណ្ដាលឲ្យបែកខូចខាត ។
ករណីនេះបុរសជាភ្ញៀវបានព្រមចេញសំណង ៣០០ដុល្លារ ទៅតាមការទាមទាររបស់ម្ចាស់ផ្ទះសំណាក់ ។
ក្រោយពីកើតហេតុដោយមិនអស់ចិត្តបុរសជាភ្ញៀវបានបើករថយន្តត្រឡប់មកវិញ និងរាយការណ៍ជូនសមត្ថកិច្ច ឲ្យជួយចុះអន្តរាគមន៍ មិនទាមទារអ្វីទេ គ្រាន់តែឲ្យបុរសដែលជេរប្រមាថមកលើរូបគាត់ ចេញមុខមកសុំទោស បន្ទាប់ពីសម្របសម្រួលជិត ២ម៉ោង ភាគីទាំង២ក៏ចរចាត្រូវគ្នា ដោយខាងម្ចាស់ផ្ទះសំណាក់ប្រគល់លុយ ៣០០ដុល្លារ ឲ្យទៅបុរសជាភ្ញៀវវិញ ដើម្បីបញ្ចប់រឿងតែម្ដង៕
មតិយោបល់