ព័ត៌មានជាតិ

Update៖ បុរសពុំស្គាល់អត្តសញ្ញាណម្នាក់ ចងកសម្លាប់ខ្លួនក្នុងកញ្ចុះ លម្ហែកាយមួយកន្លែង

ភ្នំពេញ: មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនាវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅទីតាំងលម្ហែកាយមួយកន្លែង ស្ថិតក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បន្ទាប់ពីមានអ្នកឃើញបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅក្នុងកញ្ចុះផឹកស៊ីមួយ ក្នុងទីតាំងលម្ហែកាយខាងលើ ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួននោះ មានវ័យប្រមាណ៤០ឆ្នាំ ហើយក្រោយពេលមានការភ្ញាក់ផ្អើល ក៏មានអ្នកទៅចោមរោមមើលច្រើនដែរ ។ ប៉ុន្តែពុំមាននរណាម្នាក់ បានស្គាល់បុរសនោះទេ ហើយក៏ពុំដឹងថាគាត់មានវិបត្តិអ្វី និងចូលទៅចងកសម្លាប់ខ្លួននៅក្នុងកញ្ចុះនោះ តាំងពីពេលណានោះដែរ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តថា នៅមុនពេលមានការភ្ញាក់ផ្អើល មានអ្នកទៅទីតាំងនោះ ស្រាប់តែភ្ញាក់ស្រឡាំងកាំង ខណ:ពេលឃើញបុរសខាងលើ ចងកស្លាប់បាត់ទៅហើយ ទើបស្រែកប្រាប់ម្ចាស់ទីតាំងនៅទីនោះ បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោតែម្ដង ។ ខណ:នោះក៏បានរាយការណ៍ ជូននគរបាលឲ្យចុះទៅពិនិត្យកោសល្យវិច័យ និងស្វែងរកសាច់ញាតិ ឲ្យទៅទទួលយកសាកសពបុរសនេះ ដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់