បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលក្រុងសិរីសោភ័ណ បានឃាត់ខ្លួនក្មេងទំនើង១៤នាក់ ដែលជិះម៉ូតូបង្ហោះ កែច្នៃបំពង់ស៊ីម៉ាំងលឮខ្លាំង និងជិះម៉ូតូរេពេញផ្លូវ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៩ព្រឹកដល់ម៉ោង០៥ល្ងាច ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ការចេញប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះ ដោយ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន, ផ្នែកព្រហ្មទណ្ឌនិងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា សង្កាត់កំពង់ស្វាយ និងសង្កាត់អូរអំបិល ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុង ចុះប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង ម៉ូតូកែច្នៃស៊ីមាំង ម៉ូតូលឮសំឡេងខ្លាំង ត្រង់ចំណុចភូមិសាស្ត្រ សង្កាត់ទឹកថ្លា, សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ចំពោះក្មេងទំនើងទាំងនោះនគរបាលឲ្យរត់ចំនួន២០ជុំដងទង់ជាតិ រួចធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យប្រព្រឹត្តជាលើកទី២បន្តទៀត បើមិនរាងចាលចាប់បានជាលើកទី២ នឹងអនុវត្តតាមវិធានការរដ្ឋបាល បន្ទាប់មកកោះហៅឪពុកម្តាយឬអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ហើយម៉ូតូដែលពាក់ព័ន្ធនឹងបំពង់ស៊ីម៉ាំងលឮខ្លាំង តម្រូវឲ្យម្ចាស់ដាក់បំពង់ស៊ីម៉ាំងឲ្យត្រូវតាមលក្ខណៈដើមវិញ ។ ដោយឡែកម៉ូតូដែលអត់ពន្ធនោះ សមត្ថកិច្ចអនុវត្តតាមច្បាប់ ។
ជាមួយគ្នានោះដែរ លោកអធិការនគរបាលក្រុង បានអំពាវនាវដល់ ឪពុកម្តាយ ឬអាណាព្យាបាលមេត្តាណែនាំដល់កូនចៅ របស់ខ្លួនកុំឲ្យប្រព្រឹត្តនូវអំពើដែលសង្គមស្អប់ខ្ពើម ដូចជាការបង្ហោះម៉ូតូ ជិះរេចុះឡើងពេញផ្លូវនេះ វាបង្កគ្រោះថ្នាក់ខ្លួនឯងនិងអ្នកដទៃដែលប្រើប្រាស់ផ្លូវជាមួយ ។ ចំពោះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឮខ្លាំងវារំខានដល់អារម្មណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ ៕
មតិយោបល់