ភ្នំពេញៈ នៅវេលាម៉ោង២១និង៤០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងរវាងម៉ូតូ និងរថយន្ត បណ្តាលអោយបុរសម្នាក់ស្លាប់បាត់បង់ជីវិត ក្រោយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនម៉ាលីបុត្រ ដោយបន្សល់ទុកកូនចំនួន៥នាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ត្រង់ចំណុចមុខខ្លោងទ្វារវត្តព្រែកជ្រៃ ក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1W-8037 បើកបរដោយបុរសម្នាក់ឈ្មោះ ម៉ូវ ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ កសិករ ភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស កំពង់ចាម ។ បានជិះម៉ូតូចេញពីកម្មពិធីមួយកន្លែង ក្នុងគោលបំណងទៅផ្ទះរបស់ខ្លួន ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ។ លុះមកដល់ត្រង់ចំណុចមុខខ្លោងទ្វារវត្តព្រែកជ្រៃ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក SHACMAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2726 ប្រភេទក្រឡុកស៊ីម៉ងត៍ បុកម៉ូតូបណ្តាលឲ្យជនរងគ្រោះដួលរងរបួសធ្ងន់ ត្រូវបានរថយន្ដដឹកយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជនម៉ាលីបុត្រ បន្ទាប់មកជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ ដោយបានបន្សល់ទុកកូនចំនួន៥នាក់ឲ្យនៅកំព្រា ។
ចំណែកអ្នកបើកបររថយន្តបង្កហេតុ មិនស្គាល់អត្តសញ្ញាណនោះទេ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្ត ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចប្រគល់អោយទៅខាងការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។ រីឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់