ភ្នំពេញៈ នៅវេលាម៉ោង៣និង៥៨នាទីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ត និងកង់បីឥណ្ឌា បណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ បើកបរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ទល់មុខវត្តវាលស្បូវ ក៏បានប៉ះទង្គិចគ្នាជាមួយនឹងម៉ូតូផាស់ស្អាប់ មួយគ្រឿង បណ្តាលឲ្យភាគីខាងម៉ូតូផាស់ស្អាប់ក្រឡាប់ផ្ងារជើង និងរងការខូចខាតយ៉ាងដំណំ ។ ចំណែកឯរថយន្តក៏រងការខូចខាតផង ដែរ ។
ករណីនេះបើយោងតាមម្ចាស់ម៉ូតូផាស់ស្អាប់ គាត់បាននិយាយថា នៅមុនពេលកើតហេតុ គាត់បានឈប់ចាក់សាំង ស្រាប់តែរថយន្តមក បុកបណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួសអ្នកជិះពីរនាក់ស្រាល ។ បន្ទាប់ពីកើតហេតុ ភាគីទាំងពីរបានធ្វើការចរចាគ្នា នៅកន្លែងកើតហេតុដែរ ប៉ុន្តែមិនត្រូវ ។
បន្ទាប់មកវត្តមានកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅវាស់វែង ស្ទូចយករថយន្តនិងម៉ូតូផាស់ស្អាប់ទាំងពីរគ្រឿងនេះ ទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំដោះស្រាយបន្តទៀត នៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់