ភ្នំពេញ: ជនសង្ស័យម្នាក់ បានចូលទៅធ្វើសកម្មភាព លួចទ្រព្យសម្បត្តិនៅក្នុងផ្ទះមួយកន្លែង ដែលម្ចាស់មិននៅ ប៉ុន្តែក្រោយលួចបានបម្រុងគេចខ្លួន ត្រូវបានប្រជាពលរដ្ឋឃើញទាន់ រាយការណ៍ប្រាប់ឲ្យនគរបាលចាប់ខ្លួនតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងបង្កមានការឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៥៥នាទី រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីកន្លែងកើតហេតុប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើនោះមានឈ្មោះ អេង ឡង់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត នៅក្បែរផ្សារស៊ិនជូរីផ្លាហ្សា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ បច្ចុប្បន្នស្នាក់នៅក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិត្នោត ឃុំព្រៃរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ភាវ ចន្ថា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរជាងនាឡិកា រស់នៅផ្ទះកើតហេតុ ។
ប្រភពដដែលបានប្រាប់បន្តទៀតថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះជាប់រវល់ចេញទៅក្រៅ ដោយបិទទ្វារផ្ទះ និងយកសោមកថ្ពក់ពុំបានកឹបឡើយ ព្រោះអាងថាចេញក្រៅតែមួយភ្លែតប៉ុណ្ណោះ ។ ខណៈនោះស្រាប់តែជនសង្ស័យខាងលើ បានបើកទ្វារចូលទៅលួចយកទ្រព្យសម្បត្តិ នៅក្នុងផ្ទះបានមួយចំនួនដូចជាកុំព្យូទ័រលេបថប មួយគ្រឿង ទូរស័ព្ទដៃមួយគ្រឿង លុយមួយចំនួនដែលសន្សំទុកក្នុងកូនជ្រូកដី ។
ប្រភពខាងលើបាននិយាយថា បន្ទាប់មកប្រុងគេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋក្បែរខាងឃើញទាន់ ក៏បានរត់ទៅខ្ទប់ទ្វារជាប់មិនឲ្យចេញរួចទូរស័ព្ទប្រាប់ថា ម្ចាស់ផ្ទះឲ្យដឹងទើបពួកគាត់ត្រឡប់មកផ្ទះវិញ និងប្តឹងឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ ចុះទៅឃាត់ខ្លួនជសង្ស័យតែម្ដង ។ បន្ទាប់មកនគរបាលបាននាំជនសង្ស័យទៅកាន់ប៉ុស្តិ៍ ដើម្បីសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕
មតិយោបល់