ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នាក្នុងពេលតែមួយ បណ្តាលឲ្យរថយន្តនិងម៉ូតូខូចខាត៥គ្រឿង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា បណ្តាលឲ្យរងការខូចខាតម៉ូតូ និងរថយន្តសរុប៥គ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៣ នៅចំណុចព្រំប្រទល់ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ និងម្ខាងផ្លូវទៀត ក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នេះ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទី១ រថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3C-6222 បើកពីជើងទៅត្បូង ជ្រុលកៀរជាមួយរថយន្តម៉ាកព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BF-5896 បើកស្របទិស បណ្តាលឲ្យបែកកង់ក្រោយចំហៀងខាងឆ្វេង ។

ចំណែកករណីទី២ រវាងក្បាលរថយន្តសណ្តោងទូកុងតាន័រ ពាក់ស្លាកលេខ ភ្នំពេញ 3C-8280 បើកឆ្លងផ្លូវពីលិចទៅកើត បត់ឆ្ពោះទៅជើងក៏ ជ្រុលទៅបុកពីក្រោយរថយន្តតាកូមា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-3190 ដឹកផ្លែឈើ និងម៉ូតូ បណ្តាលឲ្យរងការខូចខាត និងធ្លាក់ម៉ូតូពីលើរថយន្ត របើកទ្រុងក្រោយ សំណាងមិនមានអ្នករងរបួស ។

ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរណ៍ទាំង២ករណី ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២ និងទី៣ចុះទៅសម្រួលចរាចរណ៍ យករថយន្តដាក់កៀនខាង ផ្តល់ឲ្យភាគីទាំងសងខាងនិយាយសម្រួលគ្នារៀងខ្លួន មួយជំហានសិន មុននិងរាយការណ៍ទៅផ្នែកជំនាញ ៕

មតិយោបល់