ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ពៅ តារ៉ា ហៅ ជ្រុយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) នៅចំណុចមុខផ្ទះលេខ១២DA ផ្លូវលេខ១៩២ ក្រុម២៥ ភូមិ៩ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៩និង១៥នាទី ។ ជនសង្ស័យទី២-ឈ្មោះ គង់ កុសល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី៣-ឈ្មោះ អាន គីមស្រៀន ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន នៅចំណុចផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកអុបប៉ូ) នៅចំណុចទល់មុខមជ្ឃមណ្ឌលថែទាំរថយន្តអែនឃែរ ផ្ទះលេខ២៦៧ ផ្លូវលេខ២០០២ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង២០នាទី ។
សមត្ថកិច្ចដកហូតវត្ថុតាង៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន ៧៩១៤ ពាក់ស្លាកលេខ ភ្នំពេញ 1JJ-3948 ចំនួន០១គ្រឿង, ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនីច ពណ៌សទឹកក្រូច ស៊េរីឆ្នាំ២០១៩ លេខតួ ៤៧៣៤៥ លេខម៉ាស៊ីន ៧៣៧៥ ពាក់ស្លាកលេខ ភ្នំពេញ 1HP-8206, ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ស៊េរីឆ្នាំ២០២១ លេខតួ ៦៦១០៧ លេខម៉ាស៊ីន ៦០០២ ពាក់ស្លាកលេខ ភ្នំពេញ 1JM-7137 ។
ជនរងគ្រោះឈ្មោះ ចាង សាគូរ៉ា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៨៣ ផ្លូវលំ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរលក់ដូរ ។ សម្ភារបាត់បង់៖ កាបូបស្ពាយចំនួន មួយ ក្នុងនោះមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ ចាង់ សាគូរ៉ា ចំនួន០១សន្លឹក, កាតធនាគារ ABA ចំនួន០១សន្លឹក និងប្រាក់ប្រហែល ៤០០,០០០រៀល (សែសិបម៉ឺនរៀល) ។ ចំណែកជនរងគ្រោះម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ភេទស្រី (មិនបានដាក់ពាក្យបណ្តឹង) ៕
មតិយោបល់