ព័ត៌មានជាតិ

ជនមិនស្គាល់មុខមួយក្រុម ប្រដាប់ដោយដាវនិងដំបង ដេញវាយកាប់ពលរដ្ឋធ្វើដំណើរ បណ្តាលឲ្យម៉ូតូ២គ្រឿងខ្ទេចរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង១២និង២០នាទីយប់រំលងអធា្រត្រឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ មានជនមិនស្គាល់មុខមួយក្រុម ប្រដាប់ដោយដាវ និងដំបង ចេញមកធ្វើសកម្មភាពដេញកាប់និងវាយ ប្រជាពលរដ្ឋធ្វើដំណើរ បណ្តាលឲ្យម៉ូតូ២គ្រឿងរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីខាងលើនេះ យោងតាមជនរងគ្រោះ បាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នាបីទៅបួននាក់ ជិះម៉ូតូធ្វើ ដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវ និងដំបងចេញមកធ្វើសកម្មភាពដេញវាយនិងកាប់ជនរងគ្រោះ បណ្តាលឲ្យពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង បាន នាំគ្នាផ្តួលម៉ូតូរត់គេចខ្លួន ។ ពេលនោះស្រាប់តែជនសង្ស័យធ្វើសកម្មភាពវាយម៉ូតូជនរងគ្រោះបណ្តាលឲ្យរងការខូចខាតចំនួន២គ្រឿង ។ បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ក្រុមជនសង្ស័យក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ ។

ហេតុការណ៍ករណីខាងលើនេះ បន្ទាប់ពីកើតហេតុក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះមកអន្តរាគមន៍ និងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនបង្កហេតុយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។ ប្រជាពលរដ្ឋនិង ជនរងគ្រោះបានអំពាវនាវ ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដាក់កម្លាំងដើម្បីការពារសុវត្ថិភាពនៅកន្លែងកើតហេតុនេះជាប្រចាំផង ។

ករណីខាងលើនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា កម្លាំងសមត្ថកិច្ចជំនាញមានចំណាត់ការយ៉ាងណានោះទេ ចំពោះករណីមួយនេះ ។ បើតាមសម្តីជនរងគ្រោះ បាននិយាយប្រាប់ឲ្យដឹង ថា ពួកគាត់សុំសំណូមពរដល់កម្លាំងសមត្ថកិច្ច មេត្តាស្វែងរកចាប់ខ្លួនជនបង្កហេតុឲ្យបាន និងដើម្បីឲ្យជនទាំងនោះសងសំណង ថ្លៃខូចខាតម៉ូតូរបស់ពួកគាត់ទាំងពីរគ្រឿងនេះផងដែរ ៕

មតិយោបល់