ព័ត៌មានជាតិ

ជនប្រើសារធាតុញៀនម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីគំរាមថានឹងសម្លាប់ជនរងគ្រោះ

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២២ មានករណីគំរាមកំហែងថានឹងសម្លាប់ និងធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់សារធាតុញៀន នៅចំណុចភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ ថូ ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាកូនបង្កើត) ។

វត្ថុតាងចាប់យក៖ ១.អង្រែបុកគ្រឿងចំនួន០១ ។ ២.កាំបិតផ្គាក់ចំនួន០១ ។ សម្ភារៈខូចខាត៖ បណ្ដាលឱ្យបែកពាងទឹកអស់ចំនួន០១ ។

កន្លងមកជនសង្ស័យ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល រយៈពេល០៦ខែ ពីបទគំរាមកំហែងថានឹងសម្លាប់ ។ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៩និង១០នាទី ជនសង្ស័យបានផឹកស្រាស្រវឹង រករឿងនឹងគំរាមជនរងគ្រោះឈ្មោះ ចាន់ ថូ ហើយបានវាយបំផ្លាញពាងទឹក បែកធ្លុះធ្លាយអស់ចំនួន០១ ហើយជនសង្ស័យឈ្មោះ ថូ ភារម្យ បានយកអង្រែបុកគ្រឿងគប់សំដៅ ទៅជនរងគ្រោះឈ្មោះ ចាន់ ថូ តែមិនត្រូវពេលធ្វើសកម្មភាព រួចជនសង្ស័យឈ្មោះ ថូ ភារម្យ បានគេចខ្លួនបាត់ ។

លុះនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទី ជនសង្ស័យឈ្មោះ ថូ ភារម្យ បានចូលមកផ្ទះវិញហើយបានមករឿង ជនរងគ្រោះឈ្មោះ ថូ ធារ៉ា ដែលត្រូវជាប្អូនបង្កើតហើយជនសង្ស័យឈ្មោះ ថូ ភារម្យ បានយកកាំបិតផ្គាក់ចេញកាប់ជនរងគ្រោះឈ្មោះ ថូ ធារ៉ា ថែមទៀតតែជនរងគ្រោះឈ្មោះ ថូ ធារ៉ា បានរត់គេចខ្លួនរួច ។
ដោយទ្រាំនិងទង្វើជនសង្ស័យមិនបាន ជនរងគ្រោះទាំងពីរនាក់ ក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បានរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់