ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់រេចង្កូតបុកម៉ូតូ អូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង៧និង២៧នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកខ្សាច់មួយគ្រឿង បុកម៉ូតូឌ្រីមសង់មួយគ្រឿងជាប់អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តនិងម៉ូតូធ្វើដំណើរស្របទិសគ្នាពីកើតទៅលិច តាមបណ្តោយផ្លូវ៦០ម៉ែត្រ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កហេតុរេចង្កូតបុកម៉ូតូជាប់អូសជាច្រើនម៉ែត្រ ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់បាក់ជើង ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បាននិយាយប្រាប់ឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងមានគ្នាចំនួន៣នាក់ ចេញពីផ្ទះនៅម្តុំផ្សារដើមថ្កូវ ក្នុងគោលបំណងទៅធ្វើការនៅម្តុំរង្វង់មូលកួរស្រូវ ។ ពេលកំពុងធ្វើដំណើរតាមដងផ្លូវសុខៗក៏ស្រាប់តែជួប គ្រោះថ្នាក់ចរាចរណ៍ ។

រថយន្តបង្កហេតុ ពាក់ស្លាកលេខចង្កូតស្តាំ PP-2181 ប្រភេទដឹកខ្សាច់ ។ ចំណែកឯម៉ូតូជនរងគ្រោះ ពាក់ស្លាកលេខភ្នំពេញ 1AR-8518 ។ រថយន្តនិងម៉ូតូទាំងពីរគ្រឿងនេះ ក៏បានរងការខូចខាតយ៉ាងដំណំផងដែរ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើការវាស់វែងយកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់