ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង៨និង០០នាទី ឈ្មោះឡេង សារុំ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានមកដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរដល់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកណ្តៀងថានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៨និង០០នាទី ឈ្មោះប៉ុក សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ (អតីតត្រូវជាប្តី)រស់នៅខេត្តស្វាយរៀង បានមកលេងជាមួយកូនបង្កើតរស់នៅក្នុងបន្ទុករបស់ខ្លួន។
ក្នុងពាក្យបណ្តឹងរៀបរាប់ថាក្រោយមកអតីតប្តីរូបនេះបានសុំខ្ចីម៉ូតូជាកម្មសិទ្ធិរបស់ខ្លួនទៅទិញទឹកកកមួយភ្លែតតែមិនឃើញត្រឡប់មកវិញចាំបាត់ៗក៏មានការសង្ស័យគាត់បានទៅទំនាក់ទំនងក្រុមហ៊ុនឆែក(GPS)បានប្រាប់ថាម៉ូតូខាងលើកំពុងបើកបរនៅលើដងផ្លូវជាតិលេខ៥ទៅទិសខាងកើត។
លោកវរសេនីយ៍ឯកអ៊ុនស៊ីអធិការនគរបាលស្រុកកណ្តៀងបានឲ្យដឹងថាបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីជនរងគ្រោះខាងលើលោកក៏បានទំនាក់ទំនងជាមួយកម្លាំងសមត្ថកិច្ចតាមដងផ្លូវជាតិលេខ៥ចាប់ពីខេត្តពោធិ៍សាត់ដល់ខេត្តកំពង់ឆ្នាំងដើម្បីស្ទាក់ចាប់ខ្លួនជនសង្ស័យហើយក៏ចាប់ឃាត់បាននៅលើផ្លូវជាតិលេខ៥ក្នុងទឹកដីស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកបរិបូណ៍បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តៀងដើម្បីចាត់ការទៅតាមនីតិវិធីបន្ត៕
មតិយោបល់