ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន ៣ នាក់ នៅកាស៊ីណូប៉ាវជីន ករណីយកកាំបិតភ្ជង់ប្លន់ និងចាប់ជំរិតជនជាតិចិនគ្នាឯង

ព្រះសីហនុៈ កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចធនាគារ ABA ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិន៣នាក់ កំពុងធ្វើសកម្មភាពប្រើកាំបិតភ្ជង់ប្លន់ជនជាតិចិនម្នាក់ ភេទប្រុស ។

ដោយកម្លាំងជំនាញ កំពុងជិះល្បាតនៅចំណុចនោះស្រាប់ ក៏បានចុះប្រតិបត្តិការរំដោះបានជនរងគ្រោះ រីឯជនសង្ស័យពេលឃើញ កម្លាំងសមត្ថកិច្ច បាននាំគ្នារត់គេចខ្លួនអស់។ បន្ទាប់មកកម្លាំងជំនាញ បាននាំជនរងគ្រោះ មកការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល ដើម្បីដាក់ពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនជនសង្ស័យ ។

រហូតដល់វេលាម៉ោង ៧ យប់ថ្ងៃដដែល ទើបកម្លាំងជំនាញស្រាវជ្រាវដឹងថា ជនសង្ស័យ កំពុងលាក់ខ្លួននៅចំណុចកាស៊ីណូ ប៉ាវជីន ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏បានសហការជាមួយកម្លាំងអធិកាដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអន្តរាគមន៍ពិសេស ចុះប្រតិបត្តការចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅមុខកាស៊ីណូប៉ាវជីន និងបន្តចាប់ខ្លួនបានជនសង្ស័យ ២នាក់បន្ថែមទៀត ដែលកំពុងលាក់ ខ្លួននៅក្នុងកាស៊ីណូប៉ាវជីន ។

ជនរងគ្រោះឈ្មោះ HE JIN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសាងសង់ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង៣នាក់ ៖
១-ឈ្មោះ NANG LIFU ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារ ផ្នែកគិតលុយ គ្មានលិខិតឆ្លងដែនជាប់ ខ្លួន ស្នាក់នៅ រាជធានីភ្នំពេញ ។
២-ឈ្មោះ CHENG LIANG PING ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងបាយ គ្មានលិខិតឆ្លងដែនជាប់ ខ្លួន ស្នាក់នៅ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ZHENG XIAN JIN ភេទប្រុស អាយុ ៣៨ឆ្នាំ ជន ជាតិចិន មុខរបរបុគ្គលិកផ្សារទំនើប គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅកោះពេជ្រ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកបាន ៖
-កូនកាំប៉ិតស្នៀត២ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
-ទូរស័ព្ទដៃ៤គ្រឿង

ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕

មតិយោបល់