ព័ត៌មានជាតិ

បុរសម្នាក់បាត់ខ្លួនមួយថ្ងៃ រកឃើញសពក្នុងបឹង ដោយឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា បុរសម្នាក់បាត់ខ្លួនអស់រយៈពេល១ថ្ងៃ ប្រទះឃើញសពក្នុងបឹងរហាលសន្តូក ចំងាយប្រហែល២,៥០០ម៉ែត្រ ពីភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ម៉ៅ យិន ភេទប្រុស អាយុ ៤០ឆ្នាំ ភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ បើយោងតាមការបំភ្លឺរបស់ស្ត្រី ឈ្មោះ ភាន់ កេង ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាប្រពន្ធ បានរៀបរាប់ថា៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ម៉ោងប្រហែល ៦ព្រឹក ប្តីគាត់បានទៅលើកលបនិងលើកលាន់និងឆក់ត្រីផង នៅចំណុចបឹងសន្តូកខាងកើតភូមិប្រហែល២,៥០០ម៉ែត្រ លុះដល់ម៉ោង ០៥ល្ងាច មិនឃើញប្តីរបស់គាត់ត្រឡប់មកផ្ទះវិញ ក៏បាននាំកូនទៅរកតែរកមិនឃើញក៏ត្រឡប់មកផ្ទះប្រាប់បងប្អូនឲ្យទៅជួយរក នៅចំណុចបឹងរហាលសន្តូក ពេលនោះស្រាប់តែឃើញទូកអណ្ដែតទឹកនៅកៀនមាត់បឹង គាត់ និងអ្នកភូមិចុះទៅមើលស្រាប់តែឃើញអាគុយនិងម៉ូទ័រឆក់ត្រីនៅលើទូកពេលនោះគាត់ ឲ្យអ្នកភូមិចុះរាវក្រោមទូកដែលមានទឹកជំរៅប្រហែល១.៤០ម៉ែត្រស្រាប់តែឃើញសពប្តីរបស់គាត់ ត្រូវម៉ូទ័រឆក់ត្រីឆក់ស្លាប់ ដោយមិនដឹងពីពេលណានោះទេ ហើយក៏នាំគ្នាស្រង់សពយកមកផ្ទះទាំងក្តីក្តុកក្តួល។

លោកអធិការបានបញ្ជាក់ថា៖ ភូមិស្ទឹងកំបុត នៅដាច់ឆ្ងាយវាលប៉ែកខាងត្បូងពិបាកក្នុងការធ្វើដំណើរ លុះនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៩.០០ព្រឹក កម្លាំងយើងបានចុះទៅដល់ផ្ទះសាកសព ដោយបានបង្កើតគណៈកម្មការដើម្បីធ្វើការត្រួតពិនិត្យសាកសព ដែលមានសមាសភាពដូចខាងក្រោម៖ ១-នគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ,២- នគរបាលផ្នែកយុត្តិធម៌,៣- នគរបាលប៉ុស្តិ៍រហាល,៤- ក្រុមប្រឹក្សាឃុំរហាល,៥- ពេទ្យមណ្ឌលសុខភាពរហាល,៦- លោកមេភូមិស្ទឹងកំបុត,៧- ប្រពន្ធរបស់សាកសព ។

សាកសព មានសភាពរឹងទាំងស្រុង សម្បុរសណ្ដែកបាយ ធាត់ កំពស់1.75ស,ម សាកសពមានសភាពហើមស្អុយ ។ ពិនិត្យដងខ្លួន មានស្មាមជាំខ្មៅលើស្បែកពេញដងខ្លួន តាមការបញ្ជាក់ពីម្តាយនិងប្រពន្ធគឺស្នាមជាំខ្មៅពិតម៉ូទ័រឆក់ត្រីឆក់ ។ អវយវៈ ដៃខាងស្តាំ មានស្មាមជាំខ្មៅខ្លោច ត្រង់កំភួនដៃ សង្ស័យថាជាកន្លែងដែលអាំងវៀកទ័រឆក់ត្រីឆក់ ។ ការសន្និដ្ឋាន របស់គ្រូពេទ្យកោសលវិច្ច័យ គឺ ឈ្មោះ ម៉ៅ យិន ពិតជាស្លាប់ដោយសារម៉ូទ័រឆក់ត្រី ឆក់ខ្លួនឯង មិនពាក់ព័ន្ធរឿងឃាតកម្មទេ៕

មតិយោបល់