ភ្នំពេញៈ ក្រុមអ្នកញៀនល្បែងស៊ីសង(បៀរ) ងប់ង៉ុលផ្កាប់មុខ ចោលផ្ទះចោលសម្បែងភ្លេចប្រពន្ធកូន ផ្តុំគ្នាលេង ត្រូវបានលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខដឹកនាំកម្លាំងឆ្មក់ទៅសង្រ្គប់ក្រសោបចាប់បាន៧នាក់ ដកហូតបានបៀរចំនួន១១ហូ ម៉ូតូចំនួន២០គ្រឿង ច្រើននាក់ទៀតរត់ផ្លោះបាតជើងសព្រាត កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការឲ្យដឹងពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើបានសម្តែងមតិសាទរចំពោះសកម្មភាព ប្រតិបត្តិការបង្ក្រាប រាល់បទល្មើស របស់កម្លាំងនគរបាលខណ្ឌសែនសុខ ខណៈដែលទីតាំងខាងលើ បង្កើតនូវវង់ល្បែងស៊ីសង់ខុសច្បាប់ក្នុងមូលដ្ឋាន ជាបទល្មើសមួយ បង្កឲ្យអសន្តិសុខទាំងយប់ទាំងថ្ងៃ ឃើញក្រុមអ្នកញៀនល្បែង ចូលលេងងប់ង៉ុល ដាច់បាយដាច់ទឹក ចោលផ្ទះសម្បែង គ្មានគិតប្រពន្ធកូន ខាតបង់ពេលវេលា មិនរករបរអ្វីដែលស្របច្បាប់បែជាមកសម្ងំលេងបៀរ។
ពលរដ្ឋបន្តទៀតថា ដើម្បីសាកសមទៅនឹងភូមិឃុំមានសុវត្ថិភាពល្អ ត្រង់ចំណុចទី៥ គ្មានល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន និងដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ទើបកម្លាំងនគរបាល ប៉ុស្តិ៍ទឹកថ្លា ក្រោមបញ្ជាផ្ទាល់ពីលោកអធិការខណ្ឌ ចុះក្រសោបចាប់ ក្របួចបានក្រុមអ្នកញៀនល្បែងចំនួន៧នាក់ ម៉ូតូ២០គ្រឿង និងដកហូតបានវត្ថុតាង មួយចំនួនទៀត។
តាមការឲ្យដឹងពីនគរបាលបានឲ្យដឹងថា បន្ទាប់ពីសហការល្អជាមួយបងប្អូនប្រជាពលរដ្ឋ ក្រោយពីទទួលសេចក្តីរាយការណ៍ ជុំវិញសន្តិសុខ ក្នុងភូមិសង្កាត់ ទើបកម្លាំងនគរបាលចុះទៅបង្ក្រាបចាប់បនល្បែងស៊ីសង ខុសច្បាប់ខាងលើ ហើយក្រោយពីឃាត់ខ្លួនបាន រួមជាមួយវត្ថុតាង នគរបាលនាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់ ៕
មតិយោបល់