ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស០២ករណីផ្សេងគ្នា ទី១ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនៅក្នុងតឹកដីខណ្ឌដូនពេញ និងបទល្មើសលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា នៅក្នុងទឹកដីខណ្ឌសែនសុខ ។ ជនសង្ស័យទាំង០៤នាក់នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ប្រាប់ឱ្យដឹងថា ការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ គឺកម្លាំងជំនាញព្រហ្មទណ្ឌអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះទៅស្រាវជ្រាវស៊ើបអង្កេតឈានទៅដល់ចាប់បានជនសង្ស័យជាបន្តបន្ទាប់ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រាប់ឱ្យដឹងទៀតថា នៅយប់អធ្រាត្រថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២២ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងចំណោមបក្ខពួក១០នាក់ នៅចំណុចក្រោយក្រសួងបរិស្ថាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងចាប់យកម៉ូតូចំនួន០១គ្រឿង ពាក់ព័ន្ធបទល្មើសអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោសដោយបាន (ព្រួតគ្នាយកដែកទីបខ្សែក្រវាត់ និងមួកសុវត្ថិភាពវាយលើជនរងគ្រោះ០២នាក់ បណ្តាលឲ្យ រងរបួសលើផ្ទៃមុខ និងបែកគុម្ពត្រចៀកខាងឆ្វេងរងរបួសជាទម្ងន់ និងវាយម៉ូតូជនរងគ្រោះ បណ្តាលឲ្យខូចខាតម៉ូតូចំនួន០២គ្រឿង) ប្រព្រឹត្តនៅចំណុចលើសួនច្បារវត្តបទុមវត្តី ផ្លូវសុធារស ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០២ និង ៥០ នាទីយប់អធ្រាត្រ ។
ជនសង្ស័យទាំង០៣នាក់មាន៖ ១-ឈ្មោះលឹម យ៉ាន់ម៉ាដេត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ចិន ច័ន្ទដារិទ្ធ ភេទ ប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យប្ញស្សីកែវ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ និង៣-ឈ្មោះ ឆេង បញ្ញាសក្តិ ភេទ ប្រុស អាយុ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកGPX POOP ពណ៌ទឹកក្រូចលាយស ចំនួន ០១គ្រឿង ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ប្រាប់ឱ្យដឹងទៀតថា ដោយឡែក០១ករណីទៀត នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១និង៣០នាទី កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លិច សុវណ្ណាលុច ហៅ លុច ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យជាស៊ីមសាមគ្គី ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (បក្ខពួក៣នាក់ទៀតរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាព) បានឆក់ទូរស័ព្ទជនរងគ្រោះ ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៤និង៣៣នាទីរសៀល ខណៈដែលជនរងគ្រោះជាមនុស្សស្រីជិះម៉ូតូដាក់ទូរស័ព្ទក្នុងឃ្លុបម៉ូតូ ហើយជនសង្ស័យមានគ្នា០៤នាក់ជិះម៉ូតូ០២គ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទយកទៅបាត់បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួសជាទម្ងន់ ៕
មតិយោបល់