ព័ត៌មានជាតិ

សាច់ក្រួច និងមាន់ខូចគុណភាពជាង៤០០គីឡូ ត្រូវបានដុតបំផ្លាញ

បន្ទាយមានជ័យៈ សាច់ក្រួច និងមាន់ខូចគុណភាពចំនួន៤១០គីឡូក្រាម ដែលឈ្មួញនាំចូលពីប្រទេសថៃ យកមកចែកចាយនៅក្នុងទីផ្សារកម្ពុជា ត្រូវបានសមត្ថកិច្ចជំនាញធ្វើការដុតបំផ្លាញចោល កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ហុង លាង អនុប្រធានសាខាកាំកុងត្រូល ទទួលបន្ទុកស្ថិតិ និងទីផ្សារ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការនាំចូល និងចែកចាយរាល់ទំនិញខូចគុណភាព នៅថ្ងៃទី១៣ ខែឧសភាម្សិលមិញ ដោយមានការសហការពីសមត្ថកិច្ចប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានចាប់សាច់ខូចគុណភាពបាន៤១០គីឡូក្រាម។ លោកបន្តថា ក្រោយទទួលបានបទបញ្ជាពីថ្នាក់លើ ទើបជំនាញធ្វើការដុតបំផ្លាញចោលនៅថ្ងៃនេះ។

គួរជម្រាបថា កម្ពុជា ជាទីផ្សារលក់សាច់សត្វខូចគុណភាពមកពីប្រទេសជាប់ព្រំដែន ដូចជាថៃ និងវៀតណាម ដែលឈ្មួញភាគច្រើនឃុបឃិតជាមួយមន្ត្រីមានសមត្ថកិច្ចនៅតាមព្រំដែន ក្នុងការលួចនាំចូលសាច់មាន់ សាច់ទា សាច់ក្រួច និងជ្រូកក្រហម(ជ្រូកមានជំងឺ) ដែលច្បាប់ហាមឃាត់ដាច់ខាត យកមកចែកចាយស្ទើរពាសពេញប្រទេស។ សាច់ខូចគុណភាពមានជើងមាន់ ស្លាបមាន់ គ្រឿងក្នុងមាន់ សាច់ក្រួច គ្រឿងក្នុងក្រួច។ល។ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងបង្កជាជំងឺផ្សេងៗយ៉ាងធ្ងន់ធ្ងរ៕

WhatsApp-Image-20160514 (1) WhatsApp-Image-20160514 (2) WhatsApp-Image-20160514

មតិយោបល់