ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហកាជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ ស្នងការដ្ឋាននគរបាលខេត្តរតនគីរី បង្រ្កាបករណីផ្ទុះអាវុធ បណ្ដាលឲ្យរងរបួសអធិការង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី នៅចំណុចភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានជនសង្ស័យចំនួន៦នាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ HUYNH MINH NHAT ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម (ជនដៃដល់), ទី២-ឈ្មោះ BUI QUYNG THIEN ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម (ប្រពន្ធជនដៃដល់), ទី៣-ឈ្មោះ DINH THANH XUYEN អាយុ២៥ឆ្នាំ ជនជាតិវៀតណាម (បក្ខពួក), ទី៤-ឈ្មោះ ប៊ុន រតនា ភេទប្រុស ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ), ទី៥-ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ) និងទី៦-ឈ្មោះ ឈុន ទិត្យបូរ៉ា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលក្រុងព្រះដីហនុ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់