ព័ត៌មានជាតិ

បុរសអ្នកដឹកអីវ៉ាន់ម្នាក់ យកម៉ូតូផ្ញើសន្តិសុខផ្សារមីតថោន ស្រាប់តែជនសង្ស័យមកកាច់កជិះទៅបាត់

ភ្នំពេញ: កាលពីវេលាម៉ោង១២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បុរសជាអ្នកដឹកអីវ៉ាន់ម្នាក់ ខំយកម៉ូតូទៅផ្ញើសន្តិសុខក្នុងផ្សារមីតថោន ចូលទៅយកអីវ៉ាន់មួយភ្លែត ចេញមកវិញ ស្រាប់តែត្រូវជនសង្ស័យ កាច់កម៉ូតូជិះយកទៅបាត់ ស្ថិតតាមបណ្តោយផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ យ៉ា ហុងឆៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នកដឹកអីវ៉ាន់ ។ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកកលេខកណ្តាល 1AK-2733 ជិះមកយកអីវ៉ាន់នៅក្នុងផ្សារមីតថោន បានយកម៉ូតូទៅផ្ញើសន្តិសុខ ។ បន្ទាប់មកបានចូលទៅយកអីវ៉ាន់នៅក្នុងផ្សារ រួចក៏ចេញមកវិញ ស្រាប់តែស្រឡាំងកាំងបាត់ម៉ូតូ ទៅសួរសន្តិសុខយាម ។ សន្តិសុខបានប្រាប់ថា មានជនសង្ស័យម្នាក់ ចូលមកកាច់កយកទៅមុននេះបន្តិច ។ ជនរងគ្រោះស្លន់ស្លោ ទាក់ទងទៅមិត្តភក្តិឲ្យមកទីតាំងកន្លែងកើតហេតុ ។

ក្រោយមកជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់អូរបែកក្អម ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ រកជនសង្ស័យ និងយកម៉ូតូរបស់ខ្លួនមកវិញ ៕

មតិយោបល់