ព័ត៌មានជាតិ

ដៀមដាមគ្នាទៅវិញទៅមក ចុងក្រោយទាញដំបងឬស្ស៊ី វាយបែកចញ្ចើមឆ្វេង

កណ្តាលៈ យុវជនម្នាក់ ត្រូវបានភាគីម្ខាងទៀតយកដំបងឬស្ស៊ី វាយបែកចញ្ចើមខាងឆ្វេង ដោយគ្រាន់តែរឿងដៀមដាមពាក្យសម្តីដាក់គ្នា ពេលឈប់ម៉ូតូដល់វត្ត។

ហេតុការណ៍ហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច មុខវត្តបន្ទាយម្លូ ហៅ ជ្រោយជ្រែ ភូមិជ្រោយជ្រែ ឃុសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនរងគ្រោះ-ឈ្មោះជុំ បូរី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូកដរទីលំនៅ ភូមិជ្រោយជ្រែ ឃុំសំបួរស្រុកល្វាឯមខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ហួត ភារៈ ភេទប្រុសភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯមខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន។ នៅក្នុងហេតុការណ៍នោះ សមត្ថកិច្ចក៏បានរកឃើញវត្ថុតាងផងដែរ គឺដំបងឫស្សី ទំហ៊ំ ប៉ុនកដៃ ប្រវែង ០១ម៉ែត្រ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលថ្ងៃទី០៩ ខែកក្កដា វេលាម៉ោង១១ និង៣០នាទីយប់ ក្រុមជនរងគ្រោះមាន ឈ្មោះកយ បូរ៉ា ឈ្មោះស្រ៊ុន ប៉ាល់លី ឈ្មោះជុំ បូរី ឈ្មោះឈាង រតនា បានជិៈម៉ូតូ មកពីភូមិ សំបួរមកដល់ វត្តបន្ទាយម្លូ ហៅជ្រោយជ្រែ ឈប់ឈរលេង ពេលនោះ ឈ្មោះហួត ភារៈ និងមិត្តភ័ក្របានជិៈម៉ូតូ០២គ្រឿងមានគ្នា០៥នាក់មកពីឃុំកោះកែវមកដល់វត្តបន្ទាយម្លូហៅ ជ្រោយជ្រែបានឈប់ នៅទីនោះដែរ ហើយឈ្មោះឈាង រតនា បាននិយាយពាក្យសម្តីមិនសមរម្យ និងពាក្យឌឺដងដាក់ ឈ្មោះហួត ភារៈ ពេលនោះ ឈ្មោះហួត ភារៈបានវាយ ឈ្មោះ ឈាង រតនា មួយដៃ ហើយមិត្តភ័ក្រក្រុមអ្នកទាំងសងខាង បានឃាត់កើតជាមានការឈ្លោះប្រកែកពាក្យសម្តីគ្នាទើប ឈ្មោះហួត ភារៈ បានរើសដំបង ឫស្សីប៉ុនកដៃប្រវែង០១ម៉ែត្រនៅក្បែរនោះវាយទៅលើក្រុម ឈ្មោះ ឈាង រតនា ត្រូវចំ ឈ្មោះជុំ បូរី បណ្តាលឲ្យបែកចិញ្ចើមខាងឆ្វេង បន្ទាប់ពីវាយហើយឈ្មោះហួត ភារៈ បានរត់គេចខ្លួនបាត់ ។

នៅថ្ងៃស្អែក នៅថ្ងៃទី១០ ខែកក្កដា ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ហើយនៅវេលាម៉ោង២ និង៣០នាទីរសៀល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកឃើញជនសង្ស័យ ដោយបានឃាត់ខ្លួន និងកំពុងបន្តចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕

មតិយោបល់