ភ្នំពេញៈ នៅវេលាម៉ោង៣និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសជនបរទេសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក fortuner ក្នុងល្បឿនលឿនដល់ផ្លូវបែកជាបួន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក morning ពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ទីតាំងស្ថិតតាមបណ្តោយផ្លូវR៦ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក morning ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BM-1632 បើកបរតាមបណ្តោយផ្លូវR5 ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។ លុះមកដល់ត្រង់ចំណុចកើតហេតុ ផ្លូវបែកជាបួន ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក fortuner ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BN-9597 បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរតាមបណ្តផ្លូវR៦ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុករថយន្តម៉ាក morning ចំពាក់កណ្តាលទ្វារខាងស្តាំពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ចំណែករថយន្តបង្កនោះវិញ បានរងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ បានឲ្យភាគីទាំងពីរសម្រួលគ្នា ប៉ុន្តែតែមិនត្រូវនោះទេ សមត្ថកិច្ចជំនាញវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយបន្តទៀតទៅតាមនីតិវិធីផ្លូវច្បាប់ ៕






មតិយោបល់