ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនហាក់ម៉ៅ បុកជាមួយរថយន្តអូឌី រងការខូចខាតយ៉ាងដំណំ!

ព្រះសីហនុ: កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ភូមិចម្ការហ្លួង ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

រថយន្តបង្ករបស់ក្រុមហ៊ុនហាក់ម៉ៅ ពាក់ស្លាកលេខ ប៉ៃលិន 3A-0120 មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បើកបរដោយឈ្មោះ ជៀវ ញាន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិតាំងគ្រោះ ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានបុកប៉ះជាមួយរថយន្តម៉ាកអូឌី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​2HG-7051 មានទិសដៅបញ្ច្រាសទិសគ្នា អ្នកបើកបរ​​ឈ្មោះ ខឹម សុធាន ភេទប្រុស អាយុ​៣៨ឆ្នាំ រស់នៅឃុំព្រែកអន្ទាក់ ស្រុកកំពង់លាវ ខេត្តព្រៃវែង បណ្តាលរថយន្តរងការខូចខាត ប៉ុន្តែមិនមានមនុស្សរងរបួស​ឡើយ​។

ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធសហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលា បានចុះទៅដល់កន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍ និងនាំយករថយន្តទាំង២គ្រឿងមកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់